
ភ្នំពេញ៖ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។ តួលេខនៃចំនួនភ្ញៀវទេសចរសរុបនេះមានការកើនឡើង១៨៣.៣៤% បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ ស្ថិតិប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១ទទួលបានភ្ញៀវសរុប៧៥៦,១៩០នាក់, ថ្ងៃទី២ទទួលបានភ្ញៀវសរុប១,០៦៦,១១៣នាក់, និង ថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦,៥៣៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តកំពត ៥៨៨,៥០៦នាក់, ខេត្តព្រះសីហនុ ៤៩៤,៩១៩នាក់, ខេត្តសៀមរាប ៣០៩,៥០៣នាក់, ខេត្តត្បូងឃ្មុំ ២៣៣,៩៩៥នាក់, ខេត្តកំពង់ស្ពឺ ២៣៣,១៥៧នាក់, រាជធានីភ្នំពេញ ១៦៦,០៨៦នាក់, ខេត្តបាត់ដំបង ៩៨,៦៥៥នាក់, និង ខេត្តកែប ៩១,៣០៤នាក់។
នាឱកាសថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូកក្នុងមូលដ្ឋានរបស់ខ្លួនដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈដែលបណ្តាខេត្តមួយចំនួនផ្សេងទៀតបានរៀបចំរួចហើយ។ ដោយឡែក បណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។
ក្រសួងទេសចរណ៍បញ្ជាក់ថា បើតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០% ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស៕


