
ភ្នំពេញ៖ កម្ពុជា-ជប៉ុន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រើសើឡើងថែមមួយកម្រិតទៀត ក៏ដូចជាការជំរុញបរិយាកាសធុរកិច្ចនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង។ ការប្ដេជ្ញានវធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ JETRO កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានស្នើសុំឱ្យ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែមអំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ+១ និងវៀតណាម+១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។
ជាការឆ្លើយតប លោក Nobuhiko Sasaki បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះ លោក Nobuhiko Sasaki ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹង RCEP ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។
លោកប្រធានបានបន្តថា អង្គការ JETRO គ្រោងនឹងរៀបចំសិក្ខាសាលាថៃ+១ នៅប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយលទ្ធផលដ៏ល្អប្រសើ និងបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រើសើឡើងថែមមួយកម្រិតទៀត។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕