
ភ្នំពេញ៖ប្រទេសកម្ពុជា និងចិន នៅថ្ងៃទី ៩ វិច្ឆិកានេះ បានចុះហត្ថលេខាជាផ្លូវការលើឯកសារចំនួន១៨ ដែលជាកិច្ចព្រមព្រៀងរវាង កម្ពុជា-ចិន។ក្នុងកិច្ចព្រមព្រៀងនោះ ក៏មានកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ផងដែរ។ពិធីចុះហត្ថលេខាបានធ្វើឡើង ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព។
កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាម៉េរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ត្រូវបានចុះហត្ថលេខាដោយលោកអូន ព័ន្ធមុនីរ័ត្ត រដ្ឋមន្ត្រីក្រសួងសេដ្ចកិច្ច និង ហិរញ្ញវត្ថុកម្ពុជា ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងបានសិក្សាលំអិតលើគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម)នេះ។គម្រោងនេះ មានផ្លូវ៤ គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង ៤៥ គីឡូម៉ែត្រ។

យោងតាមលិខិតរបស់រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើទៅកាន់អភិបាលខេត្តកំពង់ចាម កាលពីខែសីហាឆ្នាំ២០១៩ បានឱ្យដឹងថា កំណាត់ផ្លូវពីស្គន់ ដល់ក្រុងកំពង់ចាម មានលក្ខណៈតូចចង្អៀតមិនអាចឆ្លើយតបជាមួយបរិមាណចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យសាជីវកម្មផ្លូវ-ស្ពានចិន សិក្សាគម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីស្គន់ ដល់ក្រុងកំពង់ចាម ដើម្បីត្រៀមដាក់ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្របខណ្ឌឥណទានពីប្រទេសចិនផែនការ ៥ឆ្នាំខាងមុខ។
លិខិតដដែលបន្តថា ក្នុងគោលបំណងជំរុញគម្រោងសាងសង់ផ្លូវនេះ ឱ្យបានទាន់តាមសភាពការណ៍ សាជីវកម្មផ្លូវស្ពានចិន ត្រូវចុះធ្វើការសិក្សាគម្រោងខាងលើ ដោយត្រូវអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០១៩នេះតទៅ៕
