
សេអ៊ូល៖ កងទ័ពអាកាសអាម៉េរិក គ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B នៅក្នុងសមយុទ្ធយោធាអាម៉េរិក-កូរ៉េខាងត្បូងនាថ្ងៃសៅរ៍នេះ។ ការដាក់ពង្រាយនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីប្រឆាំងនឹងសមយុទ្ធយោធាសម្ព័ន្ធមិត្តអាម៉េរិកកូរ៉េ។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងធ្វើសមយុទ្ធដែនអាកាស "Vigilant Storm" ចាប់តាំងពីថ្ងៃចន្ទ ដែលត្រូវបានពន្យារពេលមួយថ្ងៃដល់ថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលសម្ព័ន្ធមិត្តហៅថា ការបង្កហេតុបន្តដោយកូរ៉េខាងជើង។
យោងតាមសារព័ត៌មានយ៉ុនហាប់បានឲ្យដឹងថា នេះជាលើកទីមួយហើយដែល B-1B ត្រូវបានដាក់ពង្រាយក្នុងសមយុទ្ធរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៧។ សហរដ្ឋអាម៉េរិកបានរក្សាទុកយន្តហោះទម្លាក់គ្រាប់បែកចំនួន ៤ គ្រឿងនៅក្នុងកោះ Guam ចាប់តាំងពីចុងខែតុលាមក។ កូរ៉េខាងត្បូងបានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនការដាក់ពង្រាយ "សព្វាវុធ" ដែលរួមមាននាវាផ្ទុកយន្តហោះ នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដូចជា B-1B ។
គួរបញ្ជាក់ថាកំដៅរវាងកូរ៉េខាងត្បូងនឹងខាងជើងមានការកើនឡើងខ្លាំងជាថ្មីក្រោយ អាម៉េរិក នឹងកូរ៉េខាងត្បូងបាននាំគ្នាធ្វើសមយុទ្ធទ្រង់ទ្រាយធំមានរយះពេលមួយសប្តាហ៌ពេញ។ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្ទួនៗគ្នាជាច្រើនគ្រាប់ដែលជាការព្រមានទៅកាន់អាម៉េរិកកុំឲ្យលូកដៃរឿងផ្ទៃក្នុងរបស់កូរ៉េ៕