គៀវ៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានប្រកាសគាំទ្រនឹងផ្តល់ជំនួយដល់អ៊ុយក្រែនធម្មតា។ ការប្រកាសរបស់ទីប្រឹក្សាសន្តិសុខជាតិសេតវិមានរូបនេះធ្វើឡើងក្រោយលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Sullivan បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទខ្លីមួយនៅឯរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែនថា "យើងមានបំណងយ៉ាងពេញលេញដើម្បីធានាថាប្រទេសអ៊ុយក្រែនទទួលបានសព្វាវុធយោធាបន្ថែមសម្រាប់ទប់ទល់ការឈ្លានពានរុស្សីទៅលើប្រទេសអ៊ុយក្រែន" ។
ដោយឡែកលោកប្រធានាធិបតី Joe Biden បានប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី "នៅក្រោមសេណារីយ៉ូណាមួយ" ដើម្បីរក្សាលំហូរជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងសន្តិសុខដល់ប្រទេសអ៊ុយក្រែន។ លោកបៃដិន អះអាងថា "ខ្ញុំមានទំនុកចិត្តថាការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះអ៊ុយក្រែននឹងមិនផ្លាស់ប្តូរនិងមិនរអាក់រអួលទេ " ។
បន្ថែមពីនេះប៉ុន្មានម៉ោងក្រោយមក មន្ទីរបញ្ចកោណបានប្រកាសផ្តល់ជំនួយយោធាចំនួន ៤០០លានដុល្លារបន្ថែមទៀតសម្រាប់ទីក្រុង គៀវ ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក និងលោកខាងលិចផ្សេងទៀតមានសារៈសំខាន់ណាស់សម្រាប់អ៊ុយក្រែន។ គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Sullivan បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Chris Coons និងសមភាគីសាធារណៈរដ្ឋលោក Rob Portman បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែនក្នុងគោលបំណងផ្តល់សញ្ញាគាំទ្រដល់ភាគីអ៊ុយក្រែន៕