Yearendyearend1140x150

ប្រទេសអេកម៉ិកទាំង៥ឯកភាពពង្រីកការហោះហើរត្រង់ក្នុងតំបន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអេកម៉ិក (ACMECS) បានជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរត្រង់ក្នុងតំបន់បន្ថែមទៀត។ ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

នាឱកាសនោះ អង្គប្រជុំបានគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំទាក់ទងនឹងការលើកកម្ពស់ការធ្វើដំណើរផ្ទៃក្នុងតំបន់អេកម៉ិក (ACMECS-Intra Travelers) ដោយសង្កត់ធ្ងន់លើការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកបន្ថែមទៀត រួមទាំងការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង និងការបន្តយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់ និងភាពចាំបាច់ក្នុងការពង្រឹងយន្តការស្ថាប័នទេសចរណ៍អេកម៉ិក។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកបានជំរុញឱ្យមានការតភ្ជាប់ផលិតផលទេសចរណ៍ និងការចូលរួមពីវិស័យឯកជន ដើម្បីជំរុញភ្ញៀវទេសចរបន្ថែមទៀត។

ឯកឧត្តម ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកដទៃបានគាំទ្រការជំរុញបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមពីផ្នែកឯកជននៅក្នុងតំបន់អេកម៉ិក និងលើកទឹកចិត្តអាកាសចរណ៍ជាតិនិងអន្តរជាតិពង្រីកប្រតិបត្តិការហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍នានាក្នុងប្រទេសអេកម៉ិក ក៏ដូចជាពីគោលដៅចម្ងាយឆ្ងាយផងដែរ ព្រមទាំងឯកភាពភ្ជាប់នូវគោលដៅទេសចរណ៍នានាតាមផ្លូវសមុទ្រ និងទន្លេ។

សូមរំលឹកថា អេកម៉ិក គឺមកពីពាក្យពេញថា «យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ទន្លេចៅផ្រាយ៉ា-ទន្លេមេគង្គ» ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង