
ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអេកម៉ិក (ACMECS) ដែលមានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងប្រទេសសមាជិក CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម) បានកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street របស់ខេត្តសៀមរាប ដែលកំពុងមានភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងវិញ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ ការកោតសរសើរនេះ ត្រូវបានលើកឡើងនាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
នាឱកាសអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំធំៗទាំងពីរនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រីទេសចរណ៍និងប្រតិភូនៃប្រទេសសមាជិកអេកម៉ិក និង CLMV ដទៃទៀតទៅទស្សនកិច្ចដោយថ្មើរជើងនៅតាមផ្លូវនៃតំបន់ Pub Street ប្រកបដោយភាពសប្បាយរីករាយ និងទទួលបានការស្វាគមន៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងដើរលេងកម្សាន្តនៅទីនោះ។
គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV ក៏បានកោតសរសើរដល់កម្ពុជាចំពោះការរៀបចំតំបន់ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ នៅតាមដងផ្លូវមានភាពស្អាតជាងមុន ការរៀបចំតុបតែងនៅតាមហាងនីមួយៗកាន់តែមានសោភ័ណភាព បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជាការបិទបណ្ដោះអាសន្នដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ Pub Street គឺជាតំបន់ទេសចរណ៍នាពេលរាត្រីតូចមួយនៅខេត្តសៀមរាប ដែលភ្ញៀវទេសចរបរទេសទូទៅទទួលស្គាល់ជាពិភពលោកដ៏តូចមួយ (Small World)៕



