
ភ្នំពេញ៖ ប្រទេសអេកម៉ិកទាំង៥ (ACMECS) ដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានឯកភាពគ្នាដាក់ចុះផែនការសកម្មភាពឆ្នាំ២០២៣-២០២៥ ផ្ដោតលើយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងតំបន់ ក៏ដូចជាជំរុញចលនាទេសចរផ្ទៃក្នុងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។ ការដាក់ចុះផែនការសកម្មភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមការដឹកនាំរបស់ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រត្តិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
នាឱកាសនោះ ឯកឧត្តម ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាននៃក្រសួងទេសចរណ៍ និងជាភាគីតំណាងកម្ពុជាផងនោះ បានឱ្យដឹងថា ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកបានពិនិត្យវាយតម្លៃផលប៉ះពាល់ពីវិបត្តិកូវីដ-១៩លើវិស័យទេសចរណ៍ក្នុងតំបន់ ដោយពិនិត្យឃើញថាទេសចរណ៍រវាងប្រទេសជាសមាជិកអេកម៉ិកបានធ្វើដំណើររវាងគ្នាកាន់តែច្រើនឡើងជាងមុនវិបត្តិកូវីដ-១៩។
ឯកឧត្តម ទ្រី ឈីវ បានបន្តថា ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥នោះ លោកអគ្គនាយក ថោង រដ្ឋសក្តិ រួមជាមួយឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកបានដាក់ចុះផែនការរួមគ្នាជំរុញចលនាទេសចរផ្ទៃក្នុង ឱ្យបានកាន់តែច្រើនឡើងជាងមុន និងបានដាក់ចេញនូវយុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ ក្រោមយុទ្ធនាការ «ប្រទេស៥គោលដៅតែមួយ» ស្របតាមផែនការសកម្មភាព២០២៣-២០២៥។
ឯកឧត្តម ទ្រី ឈីវ បានបញ្ជាក់ទៀតថា ដើម្បីជំរុញដល់ការសម្រេចតាមផែនការសកម្មភាពខាងលើនេះ ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកបានកំណត់នូវទិសដីអនុវត្តមួយចំនួន ដូចជា៖ ជំរុញបង្កើតផលិតផលថ្មីក្នុងតំបន់មានដូចជាទេសចរណ៍ជនបទ ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍សុខភាព និងផាសុកភាពជាដើម, បង្កើនការផ្សព្វផ្សាយរួមគ្នាគាំទ្រគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍, និង ជំរុញឱ្យមានការតភ្ជាប់ផ្លូវធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងតំបន់អេកម៉ិក ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកជាដើម។
គួរបញ្ជាក់ថា ពាក្យថាអេកម៉ិកនេះគឺមានន័យពេញថា «យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី ទន្លេចៅផ្រាយ៉ា និងទន្លេមេគង្គ» ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ ដូច្នេះគឺមាន៥ប្រទេស រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕



