ហូជីមិញ៖ ក្រុមហ៊ុនហាណូយ Airlios បានបង្ហាញរថយន្តអគ្គិសនីហោះ ដែលខ្លួនគ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៤។ រថយន្តអគ្គិសនីហោះនេះ គឺជាផលិតផលរបស់ប្រទេសវៀតណាមដំបូងគេបង្អស់ដែលគ្រោងនឹងដាក់ចេញលក់ ចូលទីផ្សារពិភពលោកនាពេលខាងមុខ។
រថយន្ត Airlios អាចហោះហើរបញ្ឈរបានដល់ទៅ ១០ ម៉ែត្រក្នុងរយៈពេល ១០ វិនាទី ហើយបន្ទាប់មកហោះហើរក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចឡើងដល់កម្ពស់ ១២០ ម៉ែត្រ ដែលមានកម្ពស់ដូចនឹងអគារ ៤៤ ជាន់។វាមានថ្មចំនួន ៨ ដែលត្រូវបានសាកពេញក្នុងរយៈពេល ៧ ទៅ ៩ នាទីនៅស្ថានីយ៍សាកថ្ម ៣០ គីឡូវ៉ាត់។
លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន បានប្រាប់ VnExpress ថា "គម្រោងនេះបានបញ្ចប់ ៧០-៨០%" ហើយគ្រោងនឹងចាប់ផ្តើមការហោះហើរលើកដំបូងនៃកំណែពាណិជ្ជកម្មរបស់ Airlios នៅចុងឆ្នាំ ២០២៣" ។ អ្នកគ្រប់គ្រង និងវិស្វករនៅក្រុមហ៊ុន Airlios បានចាប់ផ្តើមគិតអំពីការផលិតរថយន្តហោះហើរកាលពីប្រាំឆ្នាំមុន ហើយរថយន្ត Airlios អាចនឹងក្លាយជារថយន្តហោះដំបូងគេនៅអាស៊ីអាគ្នេយ៍៕