គៀវ៖ អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងទទួលបានប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក VAMPIRE ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមលេខាធិការសារព័ត៌មាន Pentagon លោក Pat Ryder ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្គត់ផ្គង់សមត្ថភាពការពារដែនអាកាសរបស់ទីក្រុងកៀវ។ សេចក្តីថ្លែងការណ៍នេះបានកើតឡើងចំពេលដែលរុស្ស៊ីបន្តការវាយប្រហារសំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Ryder បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកមិនទាន់ទទួលបានកិច្ចសន្យាសម្រាប់ការបាញ់មីស៊ីលដែលដឹកនាំដោយឡាស៊ែរនោះទេ ប៉ុន្តែរំពឹងថានឹងឈានដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកបានពន្យល់ថា ឥឡូវនេះយើងកំពុងរំពឹងថានឹងផ្តល់ជូនដល់ពាក់កណ្តាលឆ្នាំ ២០២៣ដោយកត់សម្គាល់ថា «ការការពារដែនអាកាសបន្តជាអាទិភាព»សម្រាប់ប្រទេសអ៊ុយក្រែន។
សព្វាវុធ VAMPIRE ឬ Vehicle-Agnostic Modular Palletized ISR Rocket Equipment អាចត្រូវបានដំឡើងនៅលើរថយន្តស៊ីវិលស្ទើរតែទាំងអស់ ហើយប្រើគ្រាប់រំសេវដែលដឹកនាំដោយឡាស៊ែរដែលមានសមត្ថភាពវាយប្រហារគោលដៅទាំងដី និងអាកាស រួមទាំងយានជំនិះគ្មានមនុស្សបើកផងដែរ។ ទោះបីជាវាមិនត្រូវបានផ្សព្វផ្សាយយ៉ាងច្បាស់ថាជាអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកក៏ដោយ ក៏ប្រព័ន្ធស្រដៀងគ្នាទៅនឹង VAMPIRE ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែនសម្រាប់គោលទប់ស្កាត់ការវាយលុកប្រភេទដ្រូនរបស់រុស្សីមកលើអ៊ុយក្រែន។
ប្រព័ន្ធទាំងនេះគឺជាផ្នែកមួយនៃកញ្ចប់សព្វាវុធចំនួន ៣ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដែលប្រកាសដោយមន្ទីរបញ្ចកោណកាលពីខែសីហា ដោយនេះក៏រួមបញ្ចូលទាំងប្រព័ន្ធមីស៊ីលផ្ទៃដីទៅអាកាសកម្រិតខ្ពស់ជាតិ ឬ NASAMS ដែលក្រុងវ៉ាស៊ីនតោនក៏និយាយថានឹងមកដល់ក្នុងប្រទេសអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខនេះដែរ។
គួរបញ្ជាក់ថាតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន រួមមាន Kiev, Zaporozhye, Dnepropetrovsk និង Kharkov បាននិងកំពុងជួបប្រទះការដាច់ភ្លើងជាប្រចាំ ចាប់តាំងពីការវាយប្រហារដ៏ធំទៅលើរោងចក្រថាមពលអ៊ុយក្រែនបានចាប់ផ្តើមការផ្លាស់ប្តូរវិធីសាស្រ្តរបស់រុស្ស៊ីបានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់ទីក្រុងគៀវពីការវាយប្រហារភេរវកម្មទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន រួមទាំងស្ពាន Crimean ផងដែរ៕