ភ្នំពេញ៖ ជួងចំនួនបួនមកពីព្រះវិហារកាតូលិករាជធានីភ្នំពេញ ត្រូវបានដាក់តម្កល់លើខឿនអគារសារមន្ទីរជាតិ។ ក្នុងនោះដែរ ជួងចំនួន២ ជាជួងនៅក្នុងវិហារកាតូលិករាជធានីភ្នំពេញ និង ២ទៀតមកពីព្រះវិហារកាតូលិកភាគខាងជើងរាជធានីភ្នំពេញ។ ហើយព្រះវិហារកាតូលិកទាំងនោះត្រូវបានខ្មែរក្រហមវាយកម្ទេចចោលនៅឆ្នាំ១៩៧៥។
នៅពេលចូលក្នុងបរិវេណសារមន្ទីរជាតិកម្ពុជា ទេសចរនឹងចាប់អារម្មណ៍ដំបូងបង្អស់ចំពោះជួងចំនួន២ ដែលតម្កល់លើខឿនអគារសារមន្ទីរដែលមានកម្ពស់ត្រឹមចិញ្ចើម។ ជួងទីមួយមានឈ្មោះ «អាហ្យឺលីន» ផលិតនៅឆ្នាំ១៩៥៤ ដោយឡែកជួងទីពីរដែលនៅសល់តែបំណែក មានប្រភពមកពីព្រះវិហារ «គ្រីស្ត៍-រួរ៍» ជាព្រះវិហារកាតូលិកចុងក្រោយក្នុងរាជធានីភ្នំពេញដែលខ្មែរក្រហមបានវាយកម្ទេចចោលទាំងស្រុងនៅឆ្នាំ១៩៧៥។
ជួងទីបី និងទីបួនកំពុងតម្កល់ទុកក្នុងបរិវេណសារមន្ទីរតាំងពីឆ្នាំ១៩៧៩។ ជួងទាំងពីរមានអាយុកាលចាស់ជាងគេ ត្បិតវាបានផលិតនៅឆ្នាំ១៩២៤ និងឆ្នាំ១៨៦៣ មកពីព្រះវិហារកាតូលិកភាគខាងជើងរាជធានីភ្នំពេញ៕