
ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ (ថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២) មានការស្ទុះឡើងច្រើនជាងសប្ដាហ៍មុនៗ ដោយទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប ១,០៧៣,៣៨៩នាក់។ តួលេខនេះមានការកើនឡើង១០១.៥៩%ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ ក្នុងចំនួនភ្ញៀវទេសចរជាង១លាននាក់ មានភ្ញៀវជាតិ១,០៤០,៩៧៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣២,៤១៥នាក់។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរសរុបកើនឡើង១០១.៥៩%ធៀបនឹងសប្តាហ៍កន្លងមក។ កំណើននេះកើនឡើងដោយសាររដ្ឋបាលខេត្តកណ្តាល និងខេត្តស្វាយរៀងមានរៀបចំពិធីប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តស្វាយរៀង ៤៤៥,៨៩៤នាក់, ខេត្តកណ្តាល ២០៦,៤០៥នាក់, ខេត្តព្រះសីហនុ ១៧៣,២៦៤នាក់, ខេត្តក្រចេះ ៦០,២១០នាក់, ខេត្តសៀមរាប ៣៤,៤៨៦នាក់, ខេត្តកំពត ២៥,២១៦នាក់, ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់, រាជធានីភ្នំពេញ ២២,៧២៣នាក់, ខេត្តកែប ១៦,៥៦៦នាក់, និង ខេត្តបន្ទាយមានជ័យ ១៥,៤២៧នាក់៕