Yearendyearend1140x150

កូរ៉េខាងជើងបាញ់«មីស៊ីលផ្លោង២គ្រាប់»បន្ថែមចូលសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្ររបស់ខ្លួននាថ្ងៃសុក្រនេះ ដែលជាការបាញ់បង្ហោះចុងក្រោយបង្អស់ចាប់តាំងពីដើមខែនេះមក។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា ខ្លួន "បានឃើញការបាញ់បង្ហោះចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon" ចេញពីប្រទេសកូរ៉េខាងជើង ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីព្រំដែនអន្តរកូរ៉េ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានឱ្យដឹងថា កងកម្លាំងកូរ៉េខាងត្បូងកំពុង "រក្សាជំហរត្រៀមខ្លួនពេញលេញក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក" ។ ក្រោយមកអាជ្ញាធរជប៉ុនបាននិយាយថា មីស៊ីលកូរ៉េខាងជើងបានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងតូក្យូ។

ការសាកល្បងដោយទីក្រុងព្យុងយ៉ាង ធ្វើឡើងនៅថ្ងៃចុងក្រោយនៃសមយុទ្ធទ័ពជើងទឹក "Hoguk" របស់កូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងចំនួនទាហានអាម៉េរិក។ នៅថ្ងៃច័ន្ទនេះ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏គ្រោងនឹងចាប់ផ្តើមសមយុទ្ធ "ទ្រង់ទ្រាយធំ" រួមគ្នារបស់ពួកគេផងដែរ ដែលរំពឹងថានឹងមានយន្តហោះចម្បាំងជាង ២០០ គ្រឿង។

កូរ៉េខាងជើងតែងតែបង្ហាញការខឹងសម្បារចំពោះសមយុទ្ធបែបនេះ ដោយហៅពួកគេថាជាការហាត់សមសម្រាប់ការឈ្លានពានទឹកដីខ្លួន។ យោងតាមទីក្រុងព្យុងយ៉ាង ការសាកល្បងមីស៊ីលផ្លោងដ៏ខ្លាំងក្លារបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺគ្រាន់តែជា "វិធានការណ៍" ចំពោះសកម្មភាពឈ្លានពានរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន អះអាងថា ការបាញ់បង្ហោះនេះ ពិតជាត្រូវបានអនុវត្តក្នុងការរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានប្រាប់សភាថា កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចប្រសិនបើមានការផ្ទុះយោធាណាមួយចេញពីកូរ៉េខាងជើង។

ក្រុងព្យុងយ៉ាងបានដាក់ការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរនៅឆ្នាំ ២០១៨ បន្ទាប់ពីការចាប់ផ្តើមការចរចាសន្តិភាពរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីអាម៉េរិកលោក Donald Trump កាលនោះ។ ប៉ុន្តែការចរចាភ្លាមៗបានជាប់គាំងជុំវិញឆន្ទៈរបស់ក្រុងវ៉ាស៊ីនតោនក្នុងការដកទណ្ឌកម្ម។ ទោះបីជាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណា "ទម្រង់ការទូតខ្លះ" ជាមួយកូរ៉េខាងជើងក៏ដោយ ក៏រដ្ឋបាល Biden មកទល់ពេលនេះ មិនបានបើកការសន្ទនាប្រកបដោយអត្ថន័យណាមួយជាមួយកូរ៉េខាងជើងឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង