Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំខ្ពស់ រកឃើញសំណាកផូស៊ីលសត្វសមុទ្រជាច្រើនប្រភេទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបលេខ១

បាត់ដំបង៖ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន កាលពីខែឧសភា កន្លងទៅ បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងជាច្រើនទីតាំង។ ក្នុងនោះដែរ តំបន់ភ្នំខ្ពស់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានរកឃើញសំណាកផូស៊ីលសត្វសមុទ្រជាច្រើនជាពិសេស គឺផ្កាថ្មដែលកប់ក្នុងថ្មកំបោរ។

តំបន់ភ្នំខ្ពស់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់នឹងអាងទឹកកំពីងពួយ ហើយភ្នំពេជ្រ ភ្នំកុយ និងភ្នំដំបងវែងក៏នៅក្បែរផងដែរ (រូបលេខ១)។ តំបន់ភ្នំខ្ពស់ ត្រូវបានក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញសំណាកផូស៊ីលសត្វសមុទ្រជាច្រើនជាពិសេស គឺផ្កាថ្មដែលកប់ក្នុងថ្មកំបោរ។

ភ្នំថ្មកំបោរនៅក្នុងខេត្តបាត់ដំបង តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រ កម្ពុជា តំបន់មួយចំនួននៅក្នុងតំបន់នេះ មានអក្សរសំគាល់ PLs ដែលមានអាយុកាល ស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។

ភ្នំខ្ពស់ស្ថិតនៅខាងកើតភ្នំដំបងវែង និងជាប់ជាមួយភ្នំកុយ នៅផ្នែកខាងកើតឈៀង ខាងត្បូង អាងទឹកកំពីងពួយ។ ផ្នែកខាងលិចនៃភ្នំ គេបានជួបសំណាកផូស៊ីលតិចតួច តែប្រទះឃើញផូស៊ីលសត្វសមុទ្រជាច្រើននៅខាងកើតភ្នំ។ ផូស៊ីលដែលត្រូវបានរកឃើញ ច្រើនបំផុតជាប្រភេទផ្កាថ្មសំបុកឃ្មុំ ដែលខ្លះមានទំហំធំធាង៥០ស.ម។

ផ្កាថ្ម ប្រភេទ ទី១ ត្រូវបានរកឃើញមានចំនួនច្រើនជាងគេនៅភ្នំនេះ ដែលបានកប់ ក្នុងថ្មកំបោរ ហើយបានលេចចេញមកក្រៅដោយសារការកាយយកអាចម៍ដីគ្រួសក្រហម នាពេលបច្ចុប្បន្ន (រូបលេខ៣)។ តាមការពិនិត្យពួកនេះប្រហែលស្ថិតនៅក្នុង Family Rhizangidae, Class Scleractinia, Filum Cnidaria។។

រូបលេខ៣

ប្រភេទទី២ (រូបលេខ៤) ប្រភេទទី៣ (រូបលេខ៥) ប្រភេទទី៤ (រូបលេខ៦)។ ប្រភេទនៃសត្វសមុទ្របុរាណមួយចំនួនដែលរក ឃើញផ្សេងទៀតមានដូចជា ប្រភេទ Sponge ដែលមានដើមតូចៗ និងរាងកាយទន់ដូច អេប៉ុង ដែលពួកនេះច្រើនតែមានវត្តមាននៅជាមួយពពួកផ្កាថ្ម (រូបលេខ៧)។

(រូបលេខ៨) ជាប្រភេទខ្យងដែលមានគូទស្រួចវែង ដែលគេធ្លាប់ជួបប្រទះនៅស្ថានីយផូស៊ីលមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ។ (រូបលេខ៩) ក៏ជាប្រភេទខ្យង ដែលមានគូទទាល មានទំហំ ប្រមាណ២ស.ម។ (រូបលេខ១០) វាមានរូបរាងប្រហាក់ប្រហែលខ្យងតែវាជាប្រភេទអាម៉ូណាយ ដែលមានសណ្ឋានប្រហាក់ប្រហែលខ្យង និងដងខ្លួនវាពេលនៅរស់ដូចម៉ុក។

(រូបលេខ១១) មានរូបស្រដៀងសត្វងាវ ផ្នែកខាងក្រោយនៃសត្វនេះមានរន្ធមួយ ដែលនៅពេលវានៅរស់ វាមានអវៈយវៈមួយដុះចេញមកក្រៅ ដូចសត្វកាឈឺវសមុទ្រក្នុងពេលបច្ចុប្បន្ន គេហៅវា ថាជាពពួក Brachiopods។ ហើយរូបលេខ១២ ក៏ស្ថិតក្នុងអំបូរពួកនោះដែរ ដែលមាន សំបករលោងដូចលាស តែមាត់របស់ខុប ដោយសំបកម្ខាងផតចូល និងម្ខាងលយចេញមក អាចគ្របចូលគ្នាបាន។ (រូបលេខ១៣) ជាអវៈយវៈ នៃពពួកកាំប្រម៉ាសមុទ្រដែលប្រហាក់ ប្រហែលរូបលេខ១៤។

តាមរយៈភស្តុតាងមួយចំនួនអាចបញ្ជាក់អំពីវត្តមាននៃអតីតសមុទ្រដែលធ្លាប់មាន នៅក្នុងភូមិសាស្ត្រតំបន់ភ្នំខ្ពស់។ គេជឿថានឹងមានវត្តមានសត្វសមុទ្រផ្សេងទៀត ប្រសិនបើ គេមានការសិក្សាបន្ថែម។ លើសពីនេះ ការសិក្សាដែលក្រុមការងារបានប្រមូលពីស្ថានីយផូស៊ីលសត្វសមុទ្រមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំទាក់ទ្រាំង ភ្នំព និងភ្នំក្រពើនេះផងដែរ ដែលបានបង្ហាញអំពីវត្តមាននៃសត្វសមុទ្រកាលពី អតីកាល ដែលមានកើតឡើងនៅស័ក Paleozoic សម័យកាលPerman (២៥១-២៩៩លានឆ្នាំ)។

ទោះយ៉ាងណានេះជាអាយុកាលបណ្តោះអាសន្នតែប៉ុណ្ណោះ វត្តមានផូស៊ីលសត្វភាគច្រើន មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ គេនិងមានការសិក្សាបន្ថែមទៀតទៅលើ ប្រភេទសត្វដែលបានរកឃើញ។ តំបន់ភ្នំខ្ពស់ជាទីតាំងសំខាន់មួយដែលមានភស្តុតាង ផ្កាថ្មសមុទ្រជាច្រើន ដែលគួរតែរៀបចំជាតំបន់អភិរក្សផូស៊ីលមួយនាពេលអនាគត៕

រូបលេខ២
រូបលេខ៤
រូបលេខ៥
រូបលេខ៦
រូបលេខ៧
រូបលេខ៨
រូបលេខ៩
រូបលេខ១០
រូបលេខ១១
រូបលេខ១២
រូបលេខ១៣


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង