Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាជិកនៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចូលបម្រើការងារវិញជាង៤០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះ សមាជិកនៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចូលមប្រើការងារវិញបានចំនួនជាង៤០%ដែលសុទ្ធតែជាសមាជិកសំខាន់ៗ និងចាំបាច់សម្រាប់បើកដំណើរការអាជីវកម្មឡើងវិញ ហើយសមាជិកមួយចំនួនទៀតនៅតែបន្តកាត់បន្ថយការប្រើប្រាស់បុគ្គលិកដែលមិនចាំបាច់។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា សម្រាប់ចលនាភ្ញៀវទេសចរមកកាន់កម្ពុជា ឥឡូវសង្កេតឃើញថាមានការកើនឡើងវិញបន្ដិចម្ដងៗ ចំណែកឯការកក់សំបុត្រទេសចរណ៍មកកម្ពុជានាពេលអនាគតដូចជាខែក្រោយៗ ឬចុងឆ្នាំក្រោយ ក៏ខាងសមាគមទទួលបានជាហូរហែ ជារួមស្ថានភាពទេសចរណ៍នៅកម្ពុជា កំពុងមានភ្ញៀវច្រើនឡើងវិញជាបន្តបន្ទាប់។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះបានបន្ថែមថា បើទោះជាស្ថានភាពទេសចរណ៍ពីមួយខែទៅមួយខែទទួលបានកំណើនតិចតួចឬមានកម្រិតក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ស្ថានភាពទេសចរណ៍កម្ពុជាក៏នៅតែកើនឡើងទៅមុខជានិច្ច។ ដូច្នេះម្ចាស់សហគ្រាសនីមួយៗ ជាពិសេសទីភ្នាក់ងារទេសចរណ៍ គឺពិតជាមានភាពមមាញឹកជាងមុនក្នុងការផ្ដល់ព័ត៌មាន ក៏ដូចជាការតាក់តែងសំបុត្រទស្សនកិច្ច ការផ្ញើព័ត៌មានានា រួមទាំងតម្លៃ ក៏ដូចជាការផលិតផលិតផលទេសចរណ៍ទៅកាន់ភ្ញៀវផងដែរ។

លោកជំទាវបានបញ្ជាក់ថា ទោះជាស្ថានភាពទេសចរណ៍កម្ពុជានារយៈពេលចុងក្រោយនេះបានបង្ហាញពីសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក្ដី ក៏ស្ថានភាពទេសចរណ៍នៅកម្ពុជានៅពុំទាន់មានសភាពដូចដើមវិញទាំងស្រុងដែរ។ មួយវិញទៀត កម្ពុជាក៏ទើបតែបើកទទួលទេសចរឡើងវិញពីវិបត្តិកូវីដ-១៩ដូចបណ្ដាប្រទេសមួយចំនួនដែរ ដូចនេះភ្ញៀវទេសចរមិនអាចធ្វើការសម្រេចចិត្តមកកម្សាន្ដភ្លាមៗបានទេ ប៉ុន្តែភ្ញៀវទេសចរនីមួយៗត្រូវមានផែនការសម្រាប់ដើរកម្សាន្តឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើសប្រទេសដែលខ្លួនចង់មកកម្សាន្ត។

លោកជំទាវបន្តថា ភ្ញៀវបរទេសដែលមកកម្សាន្តនៅកម្ពុជាភាគច្រើនគឺបានប្រើប្រាស់សេវាកម្មរបស់សមាជិកនៃទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រោះសេវាកម្មនេះបានផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដល់ភ្ញៀវទេសចរ ក្នុងនោះមានទាំងផលចំណេញពេលវេលា កាត់បន្ថយការចំណាយថវិកា ជាពិសេសមានគោលដៅទេសចរណ៍ច្បាស់លាស់ និងកន្លែងស្នាក់នៅស្អាត សុវត្ថិភាព និង អនាម័យ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ានដែលបានបើកប្រទេសក្នុងការទេសចរអន្ដរជាតិឡើងវិញ ដែលធ្វើឱ្យក្នុងឆមាសទី១ ឆ្នាំ២០២២ ទេសចរអន្ដរជាតិចូលមកកម្ពុជាមានការកើនឡើងរហូតដល់ ៣៩៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ភាគច្រើននៃភ្ញៀវទេសចរអន្ដរជាតិ មកពីប្រទេសវៀតណាម ថៃ ចិន អាមេរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងប្រទេសអូស្ត្រាលី ជាដើម។

ដោយឡែក ក្នុងសប្តាហ៍ទី៣ (ចាប់ពីថ្ងៃទី១៧-២៣ ខែតុលា ២០២២) កម្ពុជាទទួលបានភ្ញៀវទេសចរ ចំនួន ៥៣២,៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៥០៥,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២៧,៣៣៨នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង