Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជានឹងសម្ពោធការនាំចេញ«ផ្លែមៀនស្រស់»ជាលើកដំបូងទៅទីផ្សារចិននៅថ្ងៃទី២៧តុលា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងបើកសម្ពោធជាផ្លូវការនៃការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ ការនាំចេញនេះធ្វើឡើងក្រោយភាគីទាំងពីរបានចំណាយពេល៣ឆ្នាំក្នុងការពិនិត្យ និងវាយតម្លៃពីស្ដង់ដារភូតភាគអនាម័យរបស់ផ្លែមៀនស្រស់កម្ពុជា។

បើមិនមានអ្វីប្រែប្រួលនោះទេ ក្រសួងកសិកម្មកម្ពុជានឹងតំណាងស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការនៅវការនាំចេញផ្លែមៀនស្រស់របស់ប្រទេសកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារចិននៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់កញ្ញា អ៉ឹម រចនា សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន បានប្រាប់ស៊ីស៊ីថាមស៍។

បើតាម កញ្ញា អ៉ឹម រចនា បានឱ្យដឹងថា នៅក្នុងពិធីសម្ពោធនៅថ្ងៃទី២៧តុលានេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែងតាំងថ្មី និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្រាប់កញ្ញា អ៉ឹម រចនា ទម្រាំសម្រេចបានការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ កម្ពុជានិងភាគីចិនបានធ្វើការរួមគ្នាអស់រយៈពេល៣ឆ្នាំទាក់ទងទៅនឹងការពិនិត្យអំពីលក្ខខណ្ឌភូតគាមអនាម័យ និងទីផ្សារផ្សេងៗ ក៏ដូចជាការចុះបញ្ជីជាផ្លូវការនូវចម្ការមៀន ក៏ដូចជារោងចក្រវេចខ្ចប់ផ្លែមៀនស្រស់របស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

កញ្ញាបានបញ្ជាក់ថា សព្វថ្ងៃនេះកម្ពុជាមានចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ ដែលបានទទួលស្គាល់ជាផ្លូវការដើម្បីនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងចំណោមចម្ការចម្ការមៀនទាំង៧៤កន្លែងនោះ គឺស្ថិតនៅក្នុងខេត្តប៉ៃលិនចំនួន៤០ចម្ការ, ខេត្តបាត់ដំបងចំនួន២៨ចម្ការ, និងខេត្តបន្ទាយមានជ័យមានចំនួន៦ចម្ការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨មានដូចជា៖ ខេត្តកណ្ដាលមានរោងចក្រ១, ខេត្តបាត់បំបងមានរោងចក្រ៣, ខេត្តប៉ៃលិនមានរោងចក្រចំនួន២, និងខេត្តព្រះសីហនុមានចំនួន២។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) បានប្រាប់ស៊ីស៊ីថាមស៍ថា វិស័យកសិកម្ម គឺជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា។ អង្ករក្រអូបកម្ពុជា និងទុរេនកំពតមានភាពល្បីល្បាញទូទាំងពិភពលោក ម្រេចកំពត ក្រូចថ្លុង និងស្ករត្នោត បានទទួលវិញ្ញាបនបត្របញ្ជាក់ភូមិសាស្ត្រជាបន្តបន្ទាប់។

លោកជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ផលិតផលកសិកម្មគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិន។

គួរបញ្ចាក់ថា កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ដើម្បីទាញយកប្រយោជន៍កាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ជាក់ស្តែង កាលពី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ កម្ពុជាបានចូលជាធរមានក្នុងការនាំចេញមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង