
មូស្គូ៖ ទីក្រុងមូស្គូបានពិភាក្សាអំពីការគំរាមកំហែងរបស់ក្រុងកៀវដែលអាចប្រើ "គ្រាប់បែកកខ្វក់" ដើម្បីវាយប្រហាររុស្សី។ ការព្រមាននេះធ្វើឡើងភ្លាមៗក្រោយជម្លោះរុស្សីនឹងអ៊ុយក្រែនកំពុងតែវិវត្តន៌ទៅជាសង្រ្គាមដ៏ក្តៅគគុកក្នុងសមភូមិបែបថ្មីមួយមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២បានបិទបញ្ចប់។
ប្រមុខការពារជាតិរុស្ស៊ី ឧត្តមសេនីយ Valery Gerasimov បានលើកឡើងពីកង្វល់របស់ប្រទេសលោកនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ Mark Milley បន្ទាប់ពីមានការសន្ទនាស្រដៀងគ្នាជាមួយសមភាគីអង់គ្លេសគឺឧត្តមនាវីឯក Tony Radakin។
មន្រ្តីមន្ទីរបញ្ចកោណបានលើកឡើងថា ឧត្តមសេនីយទាំងពីរបានពិភាក្សាអំពី "បញ្ហាជាច្រើនទាក់ទងនឹងសន្តិសុខ" ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ដោយនេះជាការសន្ទនាលើកដំបូងរវាង Gerasimov និង Milley ចាប់តាំងពីខែឧសភា។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ការហៅទូរស័ព្ទរវាងលោក Radakin និងលោក Gerasimov ធ្វើឡើង "តាមសំណើរបស់ក្រសួងការពារជាតិរុស្ស៊ី" ដោយបន្ថែមថា ចក្រភពអង់គ្លេស "បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថាអ៊ុយក្រែនកំពុងរៀបចំផែនការសកម្មភាពដើម្បីបង្កើនជម្លោះ" ។
ចំណែកទីក្រុងឡុងដ៍ក៏បានយល់ស្របផងដែរ ថាវាមានសារៈសំខាន់ក្នុងការរក្សាបណ្តាញទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូបើកចំហដើម្បី "គ្រប់គ្រងហានិភ័យនៃការគិតខុស និងជួយសម្រួលដល់ការកាត់បន្ថយការកើនឡើងវិញនៃជម្លោះ"។ ការវិវឌ្ឍន៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះនៅក្នុងការហៅទូរស័ព្ទជាមួយប្រមុខការពារជាតិនៃសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងបារាំង។
ទីក្រុងមូស្គូបានព្រមានប្រទេសលោកខាងលិចអំពីផែនការដែលត្រូវបានចោទប្រកាន់របស់ទីក្រុងគៀវក្នុងការប្រើប្រាស់ "គ្រាប់បែកកខ្វក់" ដើម្បីបន្តវាយប្រហាររុស្សី។ យ៉ាងណាមិញ លោកខាងលិចនៅតែច្រានចោលការព្រមានបែបនេះ។
ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះបង្ហាញការអត់ធ្មត់។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ភាគីទាំងអស់គួរតែ "ជៀសវាង" សកម្មភាពដែលអាចនាំឱ្យមានការគិតខុស ឬការកើនឡើងបន្ថែមទៀតនៃជម្លោះកាន់តែអាក្រក់៕