
ភ្នំពេញ៖ ប្រមាណជាង ៦០%ក្នុងចំណោមជំងឺឆ្លងប្រភេទថ្មី ដែលស្រដៀង ឬគ្រោះថ្នាក់ជាងជំងឺកូវីដ១៩ សុទ្ធសឹងតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។ នៅពេលបរិភោគម្ហូបសាច់សត្វព្រៃ ក្រៅពីការប្រឈមនឹងហានិភ័យសុខភាពចំពោះខ្លួនឯង ក៏អាចបង្កហានិភ័យដល់អ្នកដទៃផងដែរ។ ការបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និង ការកែច្នៃ សុទ្ធសឹងតែជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់សត្វព្រៃដោយផ្ទាល់ និងអាចចម្លងមេរោគទៅមនុស្ស។
ការផ្ទុះឡើងនៃជំងឺឆ្លងដូចជាជំងឺផ្លូវដង្ហើម SARS ជំងឺផ្លូវដង្ហើមបូព៌ា MERS ជំងឺផ្ដាសាយជ្រូក H1N1 ជំងឺគ្រុនផ្ដាសាយបក្សី H5N1 ជាដើម សុទ្ធតែជាជំងឺឆ្លថពិសត្វទៅមនុស្ស។ ក្រៅពីនេះ មានមេរោគជាង ១.៦លានប្រភេទ មិនត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ ហើយគេប៉ាន់ប្រមាណថាជាងពាក់កណញដាលនៃមេរោគទាំងនោះ អាចមានលទ្ធភាណចម្លងទៅមនុស្សបាន។
សកម្មភាពរបស់មនុស្ស ដូចជាការដាក់និងដោះអន្ទាក់សត្វព្រៃ ការដឹកជញ្ជូនសត្វទៅទីផ្សារ ការជួញដូរ និង ការកែច្នៃ សុទ្ធសឹងតែជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់សត្វព្រៃដោយផ្ទាល់ និងអាចចម្លងមេរោគទៅមនុស្សបាន។ ជាពិសេស ចំណុចដែលមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគពីសត្វទៅមនុស្ស គឺកន្លែងដែលមនុស្សសម្លាប់សត្វព្រៃ។
ជាមួយគ្នានោះ នៅក្នុងយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ ដែលប្រព្រឹត្តទៅនៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២២ តុលា កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី អង្គការWWF និងដៃគូរសំខាន់ៗ បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃឡើងក្នុងគោលបំណង ការពារធនធានសត្វព្រៃកម្ពុជាឲ្យបានគង់វង្ស និង រួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ៕
