
ម៉ានីល៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air មួយគ្រឿងបានរអិលចេញពីផ្លូវចត ខណៈកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cebu ក្នុងប្រទេសហ្វីលីពីន បណ្តាលឱ្យមានរបួសស្រាល និងបានបិទអាកាសយានដ្ឋានដ៏មមាញឹកបំផុតទីពីររបស់ប្រទេសនេះភ្លាមៗ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងរបាយការណ៍មួយថា អ្នកដំណើរ និងនាវិកទាំងអស់ ១៧៣ នាក់នៃក្រុមហ៊ុនអាកាសចរណ៍ Korean Air ជើងហោះហើរ KE631 ពីទីក្រុង Incheon ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះ Airbus A330 បានធ្លាក់ចុះផ្លូវចតខណៈអ្នករបួសស្រាលត្រូវបានព្យាបាលនៅគ្លីនិកព្រលាន។
លោក Glenn Napuli ជំនួយការអ្នកគ្រប់គ្រងអាកាសយានដ្ឋានបាននិយាយថា អាកាសយានដ្ឋាននឹងត្រូវបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយអាជ្ញាធរកំពុងធ្វើការដើម្បីបន្តជើងហោះហើរឡើងវិញក្នុងពេលថ្ងៃ។ លោក Napuli បន្តថា ៖ «យើងសង្ឃឹមថានៅថ្ងៃស្អែកយើងអាចនឹងដកយន្តហោះដែលធ្លាក់ពីចំណតហើយរៀបចំព្រលានសាជាថ្មី។

ចំណែកប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Woo Kee-hong បានសុំទោសចំពោះឧប្បត្តិហេតុនេះ ហើយបានប្តេជ្ញាថានឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីអាជ្ញាធរហ្វីលីពីន និងកូរ៉េ។
លោក Woo បន្ថែមថា "យើងតែងតែផ្តល់អាទិភាពដល់សុវត្ថិភាពក្នុងប្រតិបត្តិការទាំងអស់របស់យើង ហើយយើងពិតជាសោកស្តាយចំពោះភាពតានតឹង និងការរអាក់រអួលដែលនាំមកជូនអ្នកដំណើររបស់យើង" ។
គួរបញ្ជាក់ថាក្នុងឆ្នាំ ២០១៨ យន្តហោះ Xiamen Airline បានរអិលធ្លាក់ពីលើផ្លូវចុះចតនៅឯអាកាសយានដ្ឋានម៉ានីល ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើរជាងមួយរយ៕