
ភ្នំពេញ៖ កម្ពុជា និងទីម័រខាងកើត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីជំរុញការវិនិយោគលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញអង្ករពីទៅកាន់ប្រទេសទីម័រឱ្យបានកាន់តែច្រើន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាស ពិធីចុះហត្ថលេខានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតហើយបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន និង ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
នាឱកាសនោះ សម្ដេច ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យប្រទេសទីម័រជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលទើបតែចុះហត្ថលេខារួចហើយ និងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសន្តិសុខ ផងដែរ។
បន្ថែមពីនេះ សម្តេច ហ៊ុន សែន ក៏បានស្នើដល់ភាគីទីម័រខាងកើត ឱ្យបន្តជំរុញឱ្យមានវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្មដូចជា ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងជំរុញការនាំចេញស្រូវពីកម្ពុជាទៅទីម័រខាងកើតផងដែរ៕

