ចិន៖ទាហានឥណ្ឌា និង ចិនបានប៉ះទង្គិចគ្នានៅតាមព្រំដែនភាគឦសាននៃប្រទេសឥណ្ឌា បណ្តាលឱ្យទាហាន ២០ នាក់បាត់បង់ជីវិត។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ANI របស់ប្រទេសឥណ្ឌា បានរាយការណ៍ថា នៅពេលភាពតានតឹងនៅក្នុងតំបន់ Galwan Valley កំពុងព្យាយាមបន្ធូរបន្ថយនោះ ស្រាប់តែមានការប៉ះទង្គិចយ៉ាងខ្លាំង រវាងកងកម្លាំងឥណ្ឌានិងចិន ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស។
ទីភ្នាក់ងារសារព័ត៌មានក៏បានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលឥណ្ឌាថា មានទាហានឥណ្ឌាចំនួន២០ នាក់រួមទាំងវរសេនីយ៍ឯកម្នាក់ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចនេះ។នេះគឺជាករណីប៉ះទង្គិចយ៉ាងខ្លាំងនិង ធ្ងន់ធ្ងរបំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេល ៤៥ ឆ្នាំមកនេះ។
ទីភ្នាក់ងារសារព័ត៌មាននេះ ក៏បានរាយការណ៍ថាទាហានចិនយ៉ាងតិច ៤៣ នាក់ ត្រូវបានស្លាប់ ឬរងរបួសធ្ងន់នៅក្នុងការប៉ះទង្គិចយ៉ាងខ្លាំងលើកនេះ។តំបន់ ព្រំដែនដែលមានការប៉ះទង្គិចគ្នាលើកនេះ គឺជាតំបន់មួយនៅតាមព្រំដែនរវាងឥណ្ឌានិងចិន ហើយភាពតានតឹងដែលបណ្តាលមកពីជម្លោះពាក់ព័ន្ធនឹងអធិបតេយ្យ នៅក្នុងតំបន់នេះបានកើនឡើងតាំងពីឆ្នាំ២០១៧មកម្លេះ។
ប្រទេសចិននិងឥណ្ឌាមាន ខ្សែព្រំដែនដែលមានចម្ងាយជាង ៣៥០០ គីឡូម៉ែត្រ ដែលតែងតែបង្កជម្លោះអធិបតេយ្យភាពរវាងប្រទេសទាំងពីរ៕