ភ្នំពេញ៖ លោក ឌិត ទីណា នៅថ្ងៃទី ១៧ តុលា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសតែងតាំងជាផ្លូវការជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវសម្តេច ហ៊ុន សែន ប្រកាសដកចេញពីតំណែងដោយសារការមិនពេញចិត្តនឹងការបំពេញភារកិច្ច។ការប្រកាសតែងតាំងលោក ឌិត ទីណាពេលនេះ ធ្វើឡើងក្រោយពី រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក ឌិត ទីណា ដោយសំឡេង ១១១ លើ ១១១ តាមសំណើរបស់សម្តេច ហ៊ុន សែន។
ក្រោយប្រកាសឡើងកាន់តំណែងបានមួយថ្ងៃ លោក ឌិត ទីណា បានថ្លែងអំណរគុណតាមរយៈហ្វេសប៊ុករបស់លោក ចំពោះអ្នកដែលបានចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង ហើយបានប្តេជ្ញាចិត្តថានឹងបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យបានល្អជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
បើតាមរដ្ឋមន្ត្រីកសិកម្មថ្មីរូបនេះ បានបញ្ជាក់ថា " តួនាទីនេះ និយាយដោយឡែក និងតួនាទីទូទៅ និយាយជារួម រមែងភ្ជាប់មកជាមួយនូវការទទួលខុសត្រូវជាចាំបាច់។ នេះគឺជាការធានារបស់ខ្ញុំ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ដ្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងមូល។"
គួរបញ្ជាក់ថា លោក ឌិត ទីណា កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ។លោក គឺជាកូនប្រុសរបស់លោក ឌិត មុន្ទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានតុលាការកំពូល។លោកទទួលបានការសិក្សាអប់រំនៅកម្ពុជា និង នៅបារាំង លើមុខវិជ្ជា ផ្នែករូបវិទ្យា និង ផ្នែកវិស្វកររ៉ែ ពីសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេសបារាំង។
កាលពីថ្ងៃទី ៨ ខែតុលា សម្តេច ហ៊ុន សែន បានស្នើទៅកាន់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល ដែលលោកបានស្នើលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕