Yearendyearend1140x150

កម្ពុជាស្នើឱ្យតួកគីបន្តកៀងគរវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យតួកគីបន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល។ ការស្នើនេះធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅស្ដីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានស្នើឱ្យលោកជំទាវ បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ ឯកឧត្តម បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាល។

ជាមួយគ្នានេះ លោកជំទាវ Ülkü Kocaefe បានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ លើសពីនេះ លោកជំទាវបានជម្រាបជូនថា នឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានទំហំប្រមាណ ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ និងដោយឡែក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារអាមេរិក។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ។-ល-៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង