ចិន៖អ្នកនាំពាក្យនៃយោធភូមិភាគខាងលិចប្រទេសចិន បានចោទឥណ្ឌាថាបានល្មើសនឹងកិច្ចសន្យាដោយឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនម្តងទៀតនិងធ្វើសកម្មភាពខុសច្បាប់។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃយោធភូមិភាគខាងលិចប្រទេសចិន។
លោកវរសេនីយ៍ឯក ZhangShuili អ្នកនាំពាក្យនៃយោធភូមិភាគខាងលិចប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍អំពីជម្លោះរវាងកងកម្លាំងការពារព្រំដែនចិននិងឥណ្ឌានៅតំបន់ជ្រលងទន្លេ Jialewanថា យប់ថ្ងៃទី១៥ខែមិថុនា នៅតំបន់ជ្រលងទន្លេ Jialewan តាមព្រំដែនចិន និងឥណ្ឌា កងទ័ពឥណ្ឌាបានល្មើសនឹងកិច្ចសន្យាដោយឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនម្តងទៀតនិងធ្វើសកម្មភាពខុសច្បាប់ ហើយមានចេតនាបំផុសការវាយប្រហារបណ្តាលឱ្យភាគីទាំងពីរកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនិងមានមនុស្សស្លាប់និងរបួស។
បើតាម ZhangShuili តំបន់ជ្រលងទន្លេ Jialewan គឺជាដែនដីអធិបតេយ្យភាពរបស់ប្រទេសចិនតាំងពីដើមមក។កងទ័ពការពារព្រំដែនឥណ្ឌាល្មើសនឹងកិច្ចព្រមព្រៀងស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនិងគំនិតឯកភាពរួមនៃកិច្ចចរចាថ្នាក់សេនាបតី និងបំផ្លាញយ៉ាងខ្លាំងនូវមនោសញ្ចេតនារបស់ប្រជាជននៃប្រទេសទាំងពីរនិងទំនាក់ទំនងនៃកងទ័ពទាំងពីរ។ប្រទេសចិនទាមទារឱ្យភាគីឥណ្ឌាបញ្ឈប់សកម្មភាពបង្កហេតុទាំងអស់ ដើរស្របទិសដៅជាមួយប្រទេសចិនដើម្បីដោះស្រាយជម្លោះតាមរយៈការសន្ទនាដែលជាមធ្យោបាយដ៏ត្រឹមត្រូវ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌ និងចិនបានកើតឡើងនៅថ្ងៃ ចន្ទ ដោយខាងឥណ្ឌាមាន ស្លាប់ទាហាន៣នាក់ ខណៈខាងចិនក៏មាន ស្លាប់ដែរតែមិនបញ្ជាក់ចំនួន។ ចិនវិញបានចោទភាគីឥណ្ឌា ថាជាអ្នកបានឆ្លងព្រំដែនមកវាយប្រហារលើទាហានចិនទើបបង្កឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធ៕