សៀមរាប៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ដែលសហប្រតិបត្តិការជួសជុលប្រាសាទតាព្រហ្ម នៅថ្ងៃទី១៤តុលា បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង មកបិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។
សូមបញ្ជាក់ថា ផ្ទៃមុខអប្សរានៅចំណុចដើមត្រាង បានរបេះធ្លាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ដោយមិនមានការបែកបាក់អ្វីទេ ដោយសារធ្លាក់ទើរនឹងឫសឈើ និងត្រូវបានក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា រាយការណ៍ទៅក្រុមជំនាញ និងបាននាំទៅរក្សាទុក។
ព្រះភ័ក្រ្តនៃរូបចម្លាក់ទេពអប្សរា ត្រូវបានជ្រុះធ្លាក់ដោយសារអាយុកាល និង ធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ ហើយអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញ គ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល។
លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានឱ្យដឹងថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ ពោលគឺកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ភ្នាក់ងារទេសចរណ៍ បានប្រទះឃើញ«ផ្ទៃមុខអប្សរា»ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម ហើយក៏បានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ដើម្បីមកពិនិត្យ៕