
ភ្នំពេញ៖ កម្ពុជាបានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបានទិសដៅនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។ នេះបើតានសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។
នាឱកាសនោះ ឯកឧត្តម ថោង ខុន បានស្នើដល់លោកឯកអគ្គរដ្ឋទូតវៀតណាមជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់ហើយ។
ឯកឧត្តមបានបន្តថា ក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ-១៩ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់ គឺជាការសំខាន់បំផុត ដូច្នេះភាគីកម្ពុជានិងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូកគោក ផ្លូវអាកាស និងផ្លូវទឹក។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។
ចំពោះការតភ្ជាប់ផ្លូវអាកាស ភាគីទាំងពីរបានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួនរួមមាន៖ សៀមរាប-កោះត្រល់, ព្រះសីហនុ-ហាឡុង, សៀមរាប-ហាយហ្វុង, និង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣៕