ភ្នំពេញ៖ចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ លែងទទួលបានបណ្តឹង ស្តីពីករណី«ជួញដូរមនុស្ស»ដូចមុនទៀតហើយ។ការគ្មានពាក្យបណ្តឹងនេះ កើតឡើងក្រោយពីយុទ្ធនាការរយៈពេល ៤៥ថ្ងៃរបស់អាជ្ញាធរខេត្ត សហការជាមួយភាគីពាក់ព័ន្ធបានបិទបញ្ចប់ និងបានបង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ២៤៩បណ្តឹង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់។
ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុបានទទួលបានបណ្តឹងចំនួន ២៥៣ករណីលើ ៦២ទីតាំង ដែលបានប្តឹងតាមរយៈផេកផ្លូវការរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង បានបញ្ជូនមកអាជ្ញាធរខេត្តចាត់ការ។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះធ្វើការស្រាវជ្រាវ និង បង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ២៤៩បណ្តឹង ៣បណ្តឹងនៅខេត្តក្រៅ និងមួយបណ្តឹងរកមិនឃើញ។
បើតាមរបាយការណ៍ អាជ្ញាធរខេត្តបានរកឃើញអ្នកប្តឹង ១២២ ករណី មានមនុស្ស ២៣៦នាក់ ក្នុងនោះមាន ១៤ករណី មានពិរុទ្ធជន និង បានឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ ទាក់ទងមានដូចជា (បង្ខាំងមនុស្ស ៥ករណី លក់ដូរមនុស្ស ៥ករណី អាជីវកម្មផ្លូវភេទ ២ករណី បើកល្បែងខុសច្បាប់ ១ករណី ប្រើប្រាស់អាវុធខុសច្បាប់ ១ករណី) ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជនបរទេសម្នាក់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ បណ្តឹងដែលរដ្ឋបាលខេត្តទទួលបាន គឺត្រូវបានចុះធ្វើការស្រាវជ្រាវ និង បង្ក្រាប ដោយប្រើប្រាស់រយៈពេល៤៥ថ្ងៃត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងមកនេះ។ហើយគិតចាប់ពីថ្ងៃទី២ តុលា ខេត្តព្រះសីហនុ លែងទទួលបានបណ្តឹងថ្មីលើករណី«ជួញដូរមនុស្ស»ទៀតហើយ តែយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុនៅតែបន្តចុះ ស្រាវជ្រាវ និង ទទួលពាក្យពីជនរងគ្រោះ ប្រសិនជាមាន។
ក្នុងជំនួបជាមួយលោកម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តចំពោះការបង្ក្រាបអំពើជួញដូរមនុស្ស គ្រប់រូបភាព។សម្រាប់ឯកឧត្តម គួច ចំរើន តាមរយៈបទពិសោធន៍ ពួកឧក្រិដ្ឋជនប្រើប្រាស់ពលកម្មឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃ បានឱ្យអាជ្ញាធរពិបាកក្នុងការស្វែងរកភស្តុតាងចោទប្រកាន់៕