Yearendyearend1140x150

កម្ពុជា-វៀតណាមអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍២០២៣-២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៣-២០២៤។ ការអនុម័តនេះធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាមួយ លោកបណ្ឌិត ហា វ៉ាន់ ស៊ាវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Quam Nam ប្រទេសវៀតណាម។

បើតាមសេចក្តីប្រកាស ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន ០៤ រួមមាន៖ ១)- ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២)- ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ ៣)- ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ៤)- ការអភិវឌ្ឍន៍ និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទពិសោធន៍ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥។

ក្រៅពីនេះ នៅមានកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា៖ ៥)- ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើឆ្នេរសមុទ្រនិងកីឡាលើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ ៦)- រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ ៧)- តភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នាដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង ជាពិសេសផ្លូវសមុទ្រថ្មី កំពង់ផែទេសចរណ៍កំពត-កំពង់ផែទេសចរណ៍ Bai Vong។

គួរបញ្ជាក់ថា អនុវត្តតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី២ និងស្មារតីនៃជំនួបពិសេសរវាងរដ្ឋមន្រ្តីទេសចរណ៍ទាំងពីរកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សកម្មភាពក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងផុលផុស ហើយកំណើនទេសចរវៀតណាមមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្តនៅកម្ពុជា កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង