
ចិន៖ ប្រទេសចិនបាននិងកំពុងលើកកម្ពស់យ៉ាងសកម្មនូវប្រភេទដំណាំគ្រាប់ធញ្ញជាតិ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ការណែនាំបច្ចេកទេសពាក់ព័ន្ធ ទប់ស្កាត់ការខាតបង់នៃការប្រមូលផលប្រកបដោយប្រសិទ្ធភាពដែលបណ្តាលមកពីគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ។
ក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានជ្រើសរើស និងចេញផ្សាយពូជឈានមុខគេចំនួន ១២៨មុខសម្រាប់ផលិតកម្មគ្រាប់ធញ្ញជាតិ និងប្រេងនៅឆ្នាំនេះ ដែលជួយធានាបាននូវការប្រមូលផលរដូវស្លឹកឈើជ្រុះប្រកបដោយស្ថិរភាពជាមួយនឹងទិន្នផលខ្ពស់។
លោក Cao Zhibin ប្រធានផ្នែកអភិវឌ្ឍន៍ពូជស្រូវធន់នឹងសីតុណ្ហភាពបាននិយាយថា "ពូជស្រូវធន់នឹងសីតុណ្ហភាពថ្មីដែលយើងបានបង្កើតអាចដោះស្រាយបញ្ហាអត្រាកំណត់ពូជទាប ចំពេលមានសីតុណ្ហភាពខ្ពស់ជាបន្តបន្ទាប់។ ទិន្នផលក្នុងមួយហិកតាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩,៧៥០គីឡូក្រាម" ។ លោកបន្ថែមថាពូជដែលផ្តល់ទិន្នផលខ្ពស់ និងធន់នឹងគ្រោះរាំងស្ងួតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការប្រមូលផលរដូវស្លឹកឈើជ្រុះនៅឆ្នាំនេះ។ លោកអះអាងថាក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ខេត្ត Jiangsu លោករីករាយដែលបានឃើញអត្រាកំណត់គ្រាប់ពូជល្អនៃដំណាំ។
លើសពីនេះ ក្រសួងកសិកម្មចិនបានចេញឯកសារចំនួនប្រាំមួយ ដែលរៀបរាប់លម្អិតអំពីគោលការណ៍ណែនាំបច្ចេកទេសស្តីពីប្រសិទ្ធភាពការដាំស្រូវ នឹងការថែទាំស្រូវឲ្យបានល្អដើម្បីកុំឲ្យងាយមានបញ្ហាជាមួយនឹងអាកាសធាតុកំដៅផ្សេងៗ។
លោក Zhu Juan ប្រធានផ្នែកព័ត៌មានកសិកម្មនៃនាយកដ្ឋានគ្រប់គ្រងចំការរបស់ក្រសួងបាននិយាយថា "ដោយសារសីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួតអូសបន្លាយបានប៉ះពាល់ដល់ផ្នែកដ៏ធំនៃភាគខាងត្បូងប្រទេសចិនក្នុងរដូវក្តៅនេះ រដ្ឋាភិបាលកណ្តាលបានត្រៀមថវិកាចំនួន ១.៤ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការសង្គ្រោះគ្រោះរាំងស្ងួតសម្រាប់ស្រូវរដូវកណ្តាល។ នាយកដ្ឋានពាក់ព័ន្ធក៏បានអនុម័តវិធានការជាច្រើនដូចជាការជីកអណ្តូង និងបង្វែរទឹកដោយមានប្រសិទ្ធភាពកាត់បន្ថយការខាតបង់ពីគ្រោះមហន្តរាយផ្សេងៗថែមទៀតផង៕