
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធនាពេលថ្មីៗនេះ ដោយអង្គភាពប្រតិបត្តិការនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ដែលបានបង្កើនភាពតានតឹងក្នុងតំបន់។
យោងតាមភ្នាក់ងារកូរ៉េ KCNA បានរាយការណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធពាក់ព័ន្ធនឹងមីស៊ីលផ្លោងជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ដោយ KCNA បានរាយការណ៍ថា វាគឺដើម្បីបញ្ជូនសារដ៏រឹងមាំនៃការរារាំងសង្គ្រាម ដោយសមយុទ្ធនេះធ្វើ ឡើងដើម្បីកំណត់គោលដៅអាកាសយានដ្ឋានសត្រូវ និងកំពង់ផែសំខាន់ៗ។
KCNA បាននិយាយថា "ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើងត្រូវបានបង្ហាញយ៉ាងពេញទំហឹង ព្រោះវាត្រៀមខ្លួនទាំងស្រុងក្នុងការវាយលុក និងបំផ្លាញគោលដៅគ្រប់ពេលវេលា ពីទីតាំងណាមួយ"។ KCNA បានដកស្រង់សំដីលោក Kim ថា "ទោះបីជាសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងការចរចាក៏ដោយ យើងមិនមានអ្វីត្រូវនិយាយអំពី ហើយក៏មិនមានអារម្មណ៍ថាត្រូវការធ្វើដូច្នេះដែរ"៕