
ភ្នំពេញ៖ កម្ពុជា-អូស្រ្ដាលី ប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្ដជ្ញានេះធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោកជំទាវ Michelle Chan លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ ឯកឧត្តម ពេជ ឫទ្ធី ក៏បានផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) រួមមាន ភាពជាដៃគូក្នុងកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្ត្រាលី (CACPP) ដែលទើបប្រកាសជាផ្លូវការ កាលពីខែកញ្ញា កន្លងទៅ។
ទន្ទឹមនឹងនេះ លោកជំទាវ Michelle Chan បានជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការនេះ ឱ្យមានការរីកចម្រើនបន្ថែមទៀត ដែលក្នុងនោះ លោកជំទាវបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម លើកគម្រោងស្នើសុំជំនួយបច្ចេកទេស ក្រោមកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការកសាងសមត្ថភាពមន្ត្រីនិងការពង្រឹងស្ថាប័ន ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់ ដែលមានទឹកប្រាក់សរុប ៤៦លានដុល្លារអូស្ត្រាលី។
លោកជំទាវបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី ក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ដែលជាសមិទ្ធផលអាទិភាពមួយរបស់កម្ពុជា ក៏ដូចជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ក្នុងឆ្នាំ២០២២៕