
សេអ៊ូល៖ កូរ៉េខាងត្បូង និងយោធាអាម៉េរិក នាថ្ងៃ ៥តុលានេះបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ពីលើប្រទេសជប៉ុន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសការសាកល្បងរយៈចម្ងាយឆ្ងាយបំផុតរបស់ទីក្រុងព្យុងយ៉ាងថា ជា "គ្រោះថ្នាក់ និងមិនចេះប្រុងប្រយ័ត្ន" ដោយមានចេតនាបង្ករអសន្តិសុខជាមួយប្រទេសជិតខ្លួន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានអះអាងថា កងទ័ពកូរ៉េខាងត្បូង និងអាម៉េរិកបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រជាការឆ្លើយតប ហើយសម្ព័ន្ធមិត្តមុននេះបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកជាមួយយន្តហោះចម្បាំងនៅសមុទ្រលឿង។ យោធាបានបញ្ជាក់ដោយឡែកពីគ្នាថា មីស៊ីល Hyunmoo-2 របស់កូរ៉េខាងត្បូងបានបរាជ័យភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ និងធ្លាក់ក្នុងអំឡុងពេលសមយុទ្ធ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។យោធាអាម៉េរិក និងសម្ព័ន្ធមិត្តបានបង្កើនការបង្ហាញកម្លាំង ហើយក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានហៅការសាកល្បងចុងក្រោយនេះថា "គ្រោះថ្នាក់ និងគ្មានការប្រុងប្រយ័ត្ន"របស់កូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានថ្កោលទោសការសាកល្បងរបស់កូរ៉េខាងជើងនៅក្នុង "លក្ខខណ្ឌខ្លាំងបំផុត" សហភាពអឺរ៉ុបបានហៅវាថាជា "សកម្មភាពបង្កហេតុដោយចេតនា" ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការបាញ់បង្ហោះនេះ ហើយបាននិយាយថាវាជាសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងនេះត្រូវតែទទួលខុសត្រូវ។
សហរដ្ឋអាមេរិកបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំស្តីពីប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ ប៉ុន្តែអ្នកការទូតបាននិយាយថា ប្រទេសចិន និងរុស្ស៊ីត្រូវបានជំទាស់នឹងការពិភាក្សាជាសាធារណៈដោយស្ថាប័នដែលមានសមាជិកចំនួន ១៥ ។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) ឆ្ងាយជាងពេលមុនៗកាលពីថ្ងៃអង្គារ ដោយបានបាញ់លើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ និងបានជំរុញឱ្យមានការព្រមានដល់ប្រជាជននៅទីនោះឱ្យការពារ នឹងប្រុងប្រយ័ត្ននៃការផ្ទុះសព្វាវុធផ្សេងៗ៕