
ឥណ្ឌូនេស៊ី៖ ជនរងគ្រោះ និងក្រុមគ្រួសារនៃឧបទ្ទវហេតុរត់ជាន់គ្នានៅកីឡដ្ឋានប្រទេសឥណ្ឌូនេស៊ី កំពុងទាមទារចម្លើយ និងយុត្តិធម៌ បន្ទាប់ពីការប្រកួតកីឡាបាល់ទាត់បានរត់ជាន់គ្នាកាលពីល្ងាចថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សចំនួន ១២៥នាក់។ ការរត់ជាន់គ្នាបានកើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្ត Malang នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema បានចាញ់ក្រុម Persebaya Surabaya ក្នុងការប្រកួតបាល់ទាត់លើឥណ្ឌូនេស៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលចាញ់បានឡើងលើរបង ហើយចូលទៅក្នុងទីលានបាល់ទាត់ ដែលបណ្តាលឱ្យមានការប៉ះទង្គិចជាមួយប៉ូលិស និងមានការរត់ជាន់គ្នាមួយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
សាច់ញាតិជនរងគ្រោះម្នាក់មានឈ្មោះថា Fatir Ramadan បានឲ្យដឹងថាប្អូនជីនដូនមួយរបស់លោកមាន អាយុ ២៤ ឆ្នាំហើយឥឡូវនេះ គាត់កំពុងកាន់ទុក្ខមរណភាពរបស់នាង។ លោកបន្តថាបញ្ហានេះមន្រ្តីពាក់ព័ន្ធត្រូវតែមានដំណោះស្រាយជូនពលរដ្ឋជាដាច់ខាត ព្រោះនេះជាកំហុសបច្ចេកទេសក្នុងការគ្រប់គ្រងការប្រកួត។
របាយការណ៍បាននិយាយថា ប៉ូលីសកុប្បកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សដែលបានបង្កភាពវឹកវ ដែលបណ្តាលឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមមនុស្សដែលបានប្រញាប់ប្រញាល់ចាកចេញពីកីឡដ្ឋាន ដែលនាំឱ្យមានការរត់ជាន់គ្នានៅច្រកចេញ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែលោកបាននិយាយថា អាទិភាពនាពេលនេះ គឺការផ្តល់ការថែទាំ និងការគាំទ្រដល់ជនរងគ្រោះដែលកំពុងតែសម្រាកព្យាបាល។ លោក Widodo បន្តថាក្រុមគ្រូពេទ្យនឹងមើលថែយ៉ាងដិតដល់សម្រាប់ពលរដ្ឋដែលរងគ្រោះអំឡុងការជាន់គ្នា។
លោក Bobi Prabowo ប្រធានមន្ទីរពេទ្យ Kanjuruhan បាននិយាយថា "ជនរងគ្រោះភាគច្រើននៅទីនេះមានរបួសធ្ងន់ និង ខ្វះអុកស៊ីសែន។ លោកបន្ថែមថាបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែមើលថែអ្នកជំងឺយ៉ាងដិតដល់ជាទីបំផុត៕