
ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរំពឹងពីការកើនឡើងនៃការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារកូរ៉េ ខណៈពន្ធលើមុខទំនិញផ្សេងស្ទើតែរួចពន្ធទាំងស្រុងដែលវាជាឱកាសមួយសម្រាប់ទាក់ទាញវិនិយោគិនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្តែងការត្រេកអរចំពោះការផ្ដល់សច្ចាប័នពីរដ្ឋសភាកូរ៉េលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េនាពេលនេះ។ត្រេកអរ ព្រោះកិច្ចព្រមព្រៀងនេះ បានផ្ដល់សារៈសំខាន់ជាច្រើនដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងទ្វេភាគីនេះមានភាពអនុគ្រោះច្រើនជាងកិច្ចព្រមព្រៀងនានាដែលកម្ពុជាធ្លាប់មានជាមួយកូរ៉េដូចជា កិច្ចព្រមព្រៀងអាសិបជាដើម។
បើតាមអ្នកជំនាញរូបនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចនឹងចូលជាធរមាននៅក្នុងឆ្នាំនេះ ហើយការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសកូរ៉េនឹងកាន់តែមានភាពអនុគ្រោះខ្លាំងឡើង ជាពិសេស ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកូរ៉េគឺរួចពន្ធស្ទើតែទាំងស្រុង។
បើតាមលោក ឧកញ៉ា លឹម ហេង ការវិនិយោគនៅកម្ពុជាទាំងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកទទួលការលើកទឹកចិត្តច្រើនពីរដ្ឋាភិបាលកម្ពុជា នៅរយៈពេលចុងក្រោយនេះ បួករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យកឈ្នះលើស្ថានភាពកូវីដ-១៩ ក៏ដូចជាបានដាក់ចេញនូវការអនុវត្តច្បាប់វិនិយោគថ្មីដែលជាឈ្នាន់មួយក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានជាង៥៤៩លានដុល្លារអាម៉េរិក កើនឡើង៦.៨២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕