
វៀតណាម៖ ស្ត្រីអាយុ ៣៥ ឆ្នាំម្នាក់បានក្លាយទៅជាអ្នកជំងឺជំងឺអុតស្វាដំបូងគេនៅប្រទេសវៀតណាម បន្ទាប់ពីនាងបានត្រឡប់មកទីក្រុង ហូជីមិញ ពីទីក្រុងឌូបៃវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
ស្ត្រីម្នាក់នេះមិនត្រូវបានអាជ្ញាធរវៀតណាមបញ្ចេញឈ្មោះនោះទេប៉ុន្តែនាងមានអាការៈដូចជា អស់កម្លាំង ញាក់ ឈឺសាច់ដុំ ឈឺក្បាល និងក្អក ព្រមទាំងមានកន្ទួលលើផ្នែករាងកាយមួយចំនួនចាប់ពីថ្ងៃទី១៨ ខែកញ្ញា ខណៈនាងកំពុងធ្វើដំណើរក្នុងទីក្រុងឌូបៃ។ នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជំងឺត្រូពិចទីក្រុងហូជីមិញ ហើយសុខភាពរបស់នាងមានស្ថេរភាពធម្មតានៅឡើយនោះទេ។
នាងបានត្រលប់ទៅ ហូជីមិញ វិញនៅថ្ងៃទី ២២ ខែកញ្ញា ហើយនៅថ្ងៃបន្ទាប់ នាងបានទៅមន្ទីរពេទ្យ Tu Du ដែលជាមន្ទីរពេទ្យ ob-gyn ដើម្បីធ្វើរោគវិនិច្ឆ័យ ដែលនាងត្រូវបានគេសង្ស័យថាកំពុងផ្ទុកជំងឺឆ្លង។ បន្ទាប់មកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសើស្បែក និងវេណេរវិទ្យា ហូជីមិញ ជាកន្លែងដែលនាងត្រូវបានគេសង្ស័យថាបានឆ្លងជំងឺអុតស្វា។ ស្ត្រីម្នាក់នេះជាករណីជំងឺអុតស្វាដំបូងគេបង្អស់របស់ប្រទេសវៀតណាម នេះបើយោងតាមក្រសួងសុខាភិបាលវៀតណាម។
ក្រសួងសុខាភិបាលបានបង្កើតក្រុមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វានៅតាមមូលដ្ឋានមួយចំនួន ខណៈដែលបានផ្ដល់អនុសាសន៍ឱ្យមានវិធានការត្រួតពិនិត្យតាមច្រកព្រំដែន កន្លែងពេទ្យ និងព្រឹត្តិការណ៍សាធារណៈ។ គិតត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ ករណីជំងឺគ្រុនអុតជាង ៦៨,០០០ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ១០៦ ជុំវិញពិភពលោកដោយមានការស្លាប់ចំនួន ២៥ នាក់ត្រូវបានកត់ត្រាទុក៕