ឡាវ៖ប្រមុខរដ្ឋឡាវផ្ញើសារថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយឧបត្ថម្ភសម្រាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លង។ជាការឆ្លើងយត លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានបញ្ជាក់ថា ប្រទេសចិនរីករាយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាមួយភាគីឡាវ និង ជឿជាក់ថា ឡាវអាចទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងជាពុំខាន។
លោក Boungnang Vorachith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវស្តីអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងប្រទេសចិននិងឡាវ បានផ្ញើសារថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយឧបត្ថម្ភសម្រាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លង។
បើតាមលោក Boungnang Vorachith ការដែលប្រទេសចិនផ្តល់ជំនួយឧបត្ថម្ភដល់ឡាវបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជិតស្និទ្ធដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ និងទំនាក់ទំនងជួយដល់គ្នានិងរួមសហការគ្នាដែលប្រៀបដូចជាបងប្អូននិងសមាមិត្តរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរឡាវនិងចិន បានរំលេចបានច្បាស់នូវស្មារតីនៃសហគមន៍រួមវាសនាតែមួយរវាងប្រទេសឡាវនិងចិន ក៏ដូចជាបានរួមចំណែកដ៏សំខាន់ក្នុងការជួយប្រទេសឡាវទប់ទល់នឹងជំងឺCOVID-19ដោយមានប្រសិទ្ធភាពនិងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនឡាវផងដែរ។
ជាការឆ្លើយតបថ្ងៃទី ១៥ ខែមិថុនា លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន បានថ្លែងថា ប្រទេសចិនរីករាយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាមួយភាគីឡាវ ហើយជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិននិងឡាវក៏ដូចជាសហគមន៍អន្តរជាតិ ច្បាស់ជាអាចទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើកនេះជាពុំខាន ។
គួរបញ្ជាក់ថា តបតាមសំណូមពររបស់ភាគីឡាវ បក្សនិងរដ្ឋាភិបាលចិនបានចាត់បញ្ជូនក្រុមបុគ្គលិកពេទ្យទៅដល់ប្រទេសឡាវ និងផ្តល់ជំនួយឧបត្ថម្ភជាច្រើនដូចជាសម្ភារៈបង្ការជំងឺឆ្លងនិងថ្នាំព្យាបាល ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងព្យាបាលអ្នកឆ្លងជំងឺនៅប្រទេសឡាវ។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន៕