
ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍ទាំងអស់គ្នា ក៏ដូចជាជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ដូចជា Lion Air, City Link ជាដើម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
បើតាមក្រសួង កិច្ចពិភាក្សានេះធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២ ហើយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី។
ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ក្នុងនោះរួមមាន៖១. បង្កើតក្រុមការងាររួមដើម្បីអនុវត្តអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានចុះហត្ថលេខានាអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ។ ២. ជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ដូណេស៊ី ដូចជា Lion Air, City Link ជាដើម។
ចំណែកទី៣. ដោយកម្ពុជា និងឥណ្ឌូណេស៊ី ជាប្រទេសមានភាពជឿនលឿននាំមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ភាគីទាំងពីរនឹងជំរុញឲ្យមានការចែករំលែកបទពិសោធន៍ពីគ្នាបន្ថែមទៀត តាមរយៈចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលាជាដើម។
ចំពោះកត្តាទី៤. ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍនិងគ្រប់គ្រងតំបន់ឆ្នេរជាដើម និង ៥. ភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍តំបន់សៀមរាប៕
