Yearendyearend1140x150
Img 0571

ព្យុះទីហ្វុង Noru សម្លាប់ពលរដ្ឋហ្វីលីពីន៦នាក់ និង បំផ្លិចបំផ្លាញតំបន់មួយចំនួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ NPR Via DW

ហ្វីលីពីន៖ ព្យុះទីហ្វុង Noru ដែលបានបោកបក់នៅប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ទៅកាន់កន្លែងជាច្រើននៅទូទាំងប្រទេស ដោយបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាច្រើនក្នុងប្រទេសហ្វីលីពីន។

បើតាមមន្រ្តីហ្វីលីពីនបានឲ្យដឹងថាមកទល់ពេលនេះ ព្យុះទីហ្វុងបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ក្នុងប្រទេស ក្នុងនោះមានអ្នកជួយសង្គ្រោះ៥នាក់ផងដែរ។ កន្លែងជាច្រើននៅក្នុងខេត្ត Bulakan ក្នុងប្រទេសហ្វីលីពីនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយភូមិ Garlang គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ទឹកនៅលើផ្លូវបានបង្កការលំបាកដល់យានជំនិះ និងអ្នកថ្មើរជើងឆ្លងកាត់ ធ្វើឱ្យចរាចរណ៍មានការជាប់គាំងផងដែរ។

លោក Herminio Cruz ប្រធានភូមិ Garlang បានប្រាប់ទូរទស្សន៍កណ្តាលចិន (CCTV) ថា ភូមិទាំងមូលកំពុងស្ថិតក្នុងស្ថានភាពនៃការបំផ្លិចបំផ្លាញ។ គាត់បាននិយាយថា៖ «ទឹកជំនន់នៅផ្ទះខ្ញុំដល់ស្មាហើយ ដូច្នេះខ្ញុំត្រូវរើទៅផ្ទះកូនខ្ញុំ»។ ដោយសារកម្ពស់ដីខុសគ្នា ទឹកជំនន់នៅលើផ្លូវបានហក់ចូលទៅក្នុងសង្កាត់ក្បែរនោះយ៉ាងលឿន។

ជាន់ផ្ទាល់ដីនៃផ្ទះមួយចំនួនបានលិចទឹកទាំងស្រុង ហើយអ្នកស្រុកជាច្រើនត្រូវរើចេញជាបណ្តោះអាសន្នទៅកាន់កន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន។

Herminio Cruz អះអាងថាវាពិបាកជាងបើធៀបនឹងពេលមុន ទឹកជំនន់ពីមុនមិនដែលធ្ងន់ធ្ងរទេ ហើយកម្ពស់ទឹកឡើងគ្រប់ពេលក្នុងករណីខ្ញុំពិបាករកកន្លែងជ្រកព្រោះមានគ្រួសារច្រើនណាស់ក្នុងស្ថានភាពដូចគ្នា។ យើងមិនដឹងថាត្រូវយកគ្រួសារយើងទៅទីណា ជម្លៀសទៅណាទេ ដោយសារទឹកជំនន់កើនឡើងខ្លាំងពេក»។

គណៈកម្មាធិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីនបានប្រកាសកាលពីថ្ងៃចន្ទថា ភូមិសរុបចំនួន ៨៤ នៅក្នុងប្រទេសត្រូវបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ហើយរដ្ឋាភិបាលបានជម្លៀសមនុស្សជិត ៨ម៉ឺន នាក់មុនកាលកំណត់។ ព្យុះទីហ្វុងក៏បានបំផ្លាញដីស្រែចំការចំនួន ១៦,២២៩ ហិកតា ដែលបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ២.៣៧លានដុល្លារអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង