
វៀតណាម៖ តំបន់ភាគខាងជើងក្នុងប្រទេសវៀតណាមនៅតែបន្តជន់លិចបើទោះបីជាភ្លៀងបានផ្អាកអស់រយៈពេល១១ថ្ងៃកន្លងទៅក្តី។ ប្រជាជនវៀតណាមជាង ២០០ នាក់នៅភូមិ Giang ក្នុងឃុំ Chieng Den ខេត្ត Son La កំពុងតែប្រឈមមុខនឹងការលិចផ្ទះសម្បែងនឹងបាត់បង់ទ្រព្យសម្បត្តិជាច្រើនដោយសារតែជំនន់ទឹកភ្លៀង។
បើតាមអ្នកស្រុកម្នាក់បាននិយាយថាទឹកមិនស្រកទេប៉ុន្តែហាក់ដូចជាហក់ឡើងជាបន្តបន្ទាប់។ អ្នកស្រុកបន្តថាចាប់តាំងពីឆ្នាំ ២០២០ ភូមិត្រូវបានជន់លិចរាល់ពេលមានភ្លៀង ទឹកតែងតែស្រកបន្តិចម្តងៗ ប៉ុន្តែនេះជាលើកទីមួយហើយដែលវាឡើងខ្ពស់ខ្លាំង។
លោក Ca Van Long ប្រធានឃុំ Chieng Den បាននិយាយថាភូមិ Giang ជាជ្រលងភ្នំដែលមានផ្លូវតែមួយគត់សម្រាប់ទឹកសម្រាប់បង្ហូរចេញ។ លោកបានបន្តថា យើងបានព្យាយាមជីកប្រឡាយមួយចំនួន ប៉ុន្តែវាមិនមានប្រសិទ្ធភាពទេ»ដោយទឹកនៅតែបន្តជន់លិចជាខ្លាំង។
បន្ថែមពីនេះ ប្រធានឃុំរូបនេះបានទាក់ទងទៅអាជ្ញាធរថ្នាក់លើដើម្បីរកដំណោះស្រាយ។ មនុស្សចាស់ និងកុមារត្រូវបានផ្លាស់ប្តូរទៅកន្លែងខ្ពស់ ហើយថ្នាំសម្រាប់ព្យាបាលជំងឺស្បែកត្រូវបានផ្តល់ជូនអ្នកស្រុក ហើយ ឥឡូវនេះពួកគេប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុលទឹក ជំងឺ និងកង្វះអាហារជាខ្លាំង៕