Yearendyearend1140x150

សិស្សសាលា ១១នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

យ៉ាំងហ្គោន៖ យ៉ាងហោចណាស់មានសិស្សសាលាចំនួន ១១នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារទៅលើភូមិមួយរបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាការវាយប្រហារមួយរបស់របបយោធារបស់មីយ៉ាន់ម៉ា។

អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា "កាលពីថ្ងៃទី ១៦ ខែកញ្ញា យ៉ាងហោចណាស់មានកុមារចំនួន ១១ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងមានការបាញ់ប្រហារដោយមិនរើសអើងនៅក្នុងតំបន់ស៊ីវិល"មួយក្នុងប្រទេសមីយ៉ាន់ម៉ា ។ អង្គការ UNICEF បាននិយាយដោយអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់ដោយសុវត្ថិភាពថា៖ «យ៉ាងហោចណាស់មានកុមារ ១៥ នាក់មកពីសាលាដូចគ្នានៅតែបាត់ខ្លួន។

របបយោធាបានបញ្ជាក់ថា ពួកគេបានបញ្ជូនទាហានតាមឧទ្ធម្ភាគចក្រទៅកាន់ភូមិ បន្ទាប់ពីបានទទួលព័ត៌មានថា យុទ្ធជនមកពីកងទ័ពឯករាជ្យ Kachin ដែលជាក្រុមឧទ្ទាមជនជាតិភាគតិច និងពីកងជីវពលប្រឆាំងរដ្ឋប្រហារក្នុងតំបន់កំពុងចល័តអាវុធនៅក្នុងតំបន់។

យោធាបានចោទប្រកាន់ក្រុមឧទ្ទាមថា បានប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស ហើយបាននិយាយថា ខ្លួនបានរឹបអូសយកមីន និងគ្រឿងផ្ទុះពីភូមិនៅទីនោះ។ លោក Hassan Noor នាយកប្រចាំតំបន់នៃអង្គការ Save the Children Asia បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ ហើយបាននិយាយថា សាលារៀនគួរតែត្រូវបានបិទ ហើយសុវត្ថិភាពរបស់សិស្សត្រូវបានការពារ។

គួរបញ្ជាក់ថាមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ដោយជនស៊ីវិលជិត ២,៣០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើអ្នកប្រឆាំង នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ។ តំបន់ Sagaing ភាគពាយ័ព្យរបស់ប្រទេសនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត។ ចំពេលមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំងរដ្ឋប្រហារ និងយោធា ភូមិទាំងមូលត្រូវបានដុតបំផ្លាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង