
ជប៉ុន៖ មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងម្នាក់ទៀតបាត់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពល Nanmadol បានបោកបក់នៅតំបន់ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងការរំខានដល់ការធ្វើដំណើរដល់ប្រជាជននៅក្នុងខេត្ត Kagoshima ។ ព្យុះទីហ្វុងទី ១៤ នៃឆ្នាំនេះកំពុងខិតជិត Hagi ក្នុងខេត្ត Yamaguchi ភាគខាងលិចប្រទេសជប៉ុន ក្នុងល្បឿនប្រហែល ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង៦០ នាក់បានរងរបួសនៅក្នុងអាកាសធាតុខ្លាំង ហើយជើងហោះហើរប្រហែល ៦០០ ត្រូវបានលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍សំខាន់ពីររបស់ប្រទេសជប៉ុន ANA និង Japan Airlines ។
ព្យុះទីហ្វុងទី១៤នេះបានបំផ្លិចបំផ្លាញផ្ទះសម្បែង នឹងបង្ខំឲ្យគ្រួសារជាច្រើនគ្មានថាមពលប្រើប្រាស់ ព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់កោះដ៏ធំបំផុតរបស់ប្រទេសជប៉ុនគឺកោះ Honshu រហូតដល់ថ្ងៃអង្គារ ដោយទីភ្នាក់ងារឧតុនិយមជប៉ុននៅតែបន្តការព្រមានសម្រាប់ខ្យល់ខ្លាំង ជំនោរខ្ពស់ និងការរអិលបាក់ដីពីភាគខាងលិចទៅភាគខាងជើងប្រទេសជប៉ុន។

បន្ថែមពីនេះព្យុះនេះហាក់ដូចជាបានឆ្លងកាត់ខេត្ត Kagoshima ជាមួយនឹងក្រុមសង្កេតការណ៍ឧតុនិយមក្នុងតំបន់បានលើកការព្រមានអំពីរលកព្យុះទាំងអស់នៅព្រឹកថ្ងៃចន្ទនៅក្នុងទីក្រុង Kagoshima លើកលែងតែកោះ Amami Oshima ប៉ុណ្ណោះ។

ដោយឡែគចរាចរណ៍នៅក្នុងទីក្រុង Kagoshima នៅតែស្ថិតក្នុងការជាប់គាំង ដោយរថភ្លើង និងផ្លូវរថភ្លើងធម្មតាត្រូវបានផ្អាក មុនពេលចាប់ផ្តើមប្រតិបត្តិការធម្មតាឡើងវិញ បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពដ៏ទូលំទូលាយនាថ្ងៃអង្គារនេះ។ ជើងហោះហើរទាំងអស់ទៅ និងមកពីអាកាសយានដ្ឋាន Kagoshima ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យ បច្ចុប្បន្នផ្លូវហាយវេក៏ត្រូវបានបិទផងដែរនៅក្នុងស្រុក៕