
វៀតណាម៖ កាស៊ីណូមួយក្នុងប្រទេសកម្ពុជាបានប្រគល់ពលរដ្ឋវៀតណាមចំនួន ១១ នាក់ទៅអាជ្ញាធរមូលដ្ឋានវិញ បន្ទាប់ពីបងប្អូនរបស់ពួកគេចំនួន ៥៦ នាក់បានរត់គេចពីកន្លែងនោះកាលពីថ្ងៃសៅរ៍ ហើយបានសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
បើតាមក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា បច្ចុប្បន្នវៀតណាមកំពុងសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីនាំពលរដ្ឋវៀតណាមត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីពិនិត្យមើលថាតើមានជនជាតិវៀតណាមណាផ្សេងទៀតដែលនៅសេសសល់ដែលចាញ់បោកមេខ្យល់ឲ្យមករកស៊ីនៅកម្ពុជាទៀតរឺយ៉ាងណា។
លោក Nguyen Thanh Ngoc ប្រធានគណៈកម្មាធិការប្រជាជន Tay Ninh បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិវៀតណាមចំនួន ៥៦ នាក់ដែលធ្វើការនៅក្នុងកាស៊ីណូមួយក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានភៀសខ្លួនទៅកាន់ផ្លូវធំឆ្ពោះទៅច្រកព្រំដែន Moc Bai ដោយលើកឡើងពីលក្ខខណ្ឌការងារផ្សេងៗដែលមេខ្យល់បានកុហកបោកប្រាស់ ។លោក ង៉ុក បាននិយាយថា ប៉ូលិសកម្ពុជាបានចាប់ក្រុមនេះត្រឡប់ទៅវិញដើម្បីធ្វើការស៊ើបអង្កេតបន្តថា។
គិតត្រឹមក្នុងឆមាសទី១ឆ្នាំនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាមបានបង្ក្រាបបទល្មើសជាច្រើនដែលរត់ពន្ធមនុស្សមកកម្ពុជាដើម្បីធ្វើការខុសច្បាប់។ អាជ្ញាធរក៏បានជួយសង្គ្រោះពលរដ្ឋវៀតណាមរាប់រយនាក់ និងជួយឧបត្ថម្ភរាប់ពាន់នាក់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងនីតិវិធីដើម្បីត្រឡប់ទៅប្រទេសកំណើតវិញផងដែរ៕