(ចិន)មន្ត្រី និងបុគ្គលិកពាក់ព័ន្ធ៣រូបនៅតំបន់ហ្វឹងថាយទីក្រុងប៉េកាំងដោយសារតែមានការធ្វេសប្រហែស និងខ្វះទំនួលខុសត្រូវលើកិច្ចការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ត្រូវបានបញ្ចប់តំណែង។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុងប៉េកាំងនៃប្រទេសចិន បានកោះប្រជុំដើម្បីពិភាក្សា លើបញ្ហាបុគ្គលិកពាក់ព័ន្ធនៅក្នុងខណ្ឌ ហ្វឹងថាយ(Feng Tai)ទីក្រុងប៉េកាំងមានការធ្វេសប្រហែស និងខ្វះទំនួលខុសត្រូវលើកិច្ចការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩។
បន្ទាប់ពីមានការស៊ើបអង្កេត លោកចូវអ៊ីឈីង(Zhou Yu Qing)អនុប្រធានខណ្ឌ ហ្វឹងថាយ លោកវ៉ាងហួ(Wang Huo) លេខាគណៈកម្មាធិការបក្សខណ្ឌ ហ្វឹងថាយ និងលោក ចាងយៀកលីង(Zhang Yue ling) អ្នកគ្រប់គ្រងទូទៅនៃ ផ្សារលក់ដុំផលិតផលកសិកម្មស៊ីនហ្វាទី ត្រូវបានរកឃើញមានការធ្វេសប្រហែស និងខ្វះទំនួលខុសត្រូវលើកិច្ចការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩។
ជារួមគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុងប៉េកាំងនៃប្រទេសចិន បានសម្រេចបញ្ចប់តំណែងមន្ត្រីនិងបុគ្គលិកពាក់ព័ន្ធទាំង៣នាក់ខាងលើ។ក្រុមស៊ើបអង្កេត នឹងបន្តធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដោយយោងតាមលទ្ធផលនៃការស្រាវជ្រាវដើម្បីចាត់ការអ្នកពាក់ព័ន្ធខាងលើតាមច្បាប់៕