ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ។កិច្ចប្រជុំនេះ ធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលក្រុងភ្នំពេញ បានគូសបញ្ជាក់ថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ។
បើតាមប្រភពដដែល កិច្ចប្រជុំនោះមានចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដាច់ខាតមួយនៅថ្ងៃនេះ ឲ្យអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឲ្យអស់នូវកន្លែងលែងល្បែងស៊ីសងខុសច្បាប់ បើពុំដូច្នោះទេ ប្រមុខរដ្ឋាភិបាល ព្រមានដកមន្ត្រីពាក់ព័ន្ធចេញពីតំណែង រាប់ចាប់ពីអភិបាលខេត្ត អភិបាលក្រុង និងអភិបាលស្រុក រហូតដល់មន្ត្រីប្រដាប់អាវុធចាប់ស័ក្ត៥ឡើងទៅ។ ជាមួយនឹងបទបញ្ជាដាច់ខាតនេះ លោក ហ៊ុន សែន ក៏ព្រមានផងដែរ ដល់ម្ចាស់អាជីវកម្មដែលលួចបង្កប់ល្បែងស៊ីសង គឺនឹងត្រូវបិទចោលតែម្តង៕