Yearendyearend1140x150

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុធានាការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធានានូវការប្តេជ្ញាចិត្ត ចំពោះការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដែលតែងតែជាបេសកកម្មស្នូលនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូពាក់ព័ន្ធនានា តែងតែបាននិងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការចូល រួមចំណែកជាវិជ្ជមានដល់អតិថិជនផងដែរ។

បើតាមសេចក្តីថ្លែងការណ៍ តាមរយៈការសិក្សាស្រាវជ្រាវក្រោមការគាំទ្ររបស់ក្រសួងសហព័ន្ធអាល្លឺមង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ) ស្ដីពី«មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍នានា» បានបង្ហាញយ៉ាងច្បាស់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា(អតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ) ឱ្យមានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លី។

ទោះជាយ៉ាងនេះក្តី ការសិក្សាក៏បានរកឃើញនូវករណីអវិជ្ជមានមួយចំនួនផងដែរ ទាក់ទងនឹងការវាយតម្លៃឥណទាន ការផ្សព្វផ្សាយយ៉ាងសម្បើម និងការលក់ដីធ្លីសម្រាប់សងឥណទានជាដើម។ ប៉ុន្តែចំពោះការលក់ដីធ្លីដែលរកឃើញ គឺមានប្រមាណ១,២ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអ្នកស្រាវជ្រាវបញ្ជាក់យ៉ាងច្បាស់ថា មិនមែនរាល់ការលក់ដីធ្លីទាំងនោះ សុទ្ធតែតំណាងឱ្យការក្ស័យធន់ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារគ្រួសារអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែមួយចំណែកពាក់ព័ន្ធនឹងការវិវត្តនៃតម្លៃដីធ្លីក្នុងប្រទេសកម្ពុជាផងដែរ។

សមាគមទាំងពីរបានយល់ និងទទួលយកនូវក្តីបារម្មណ៍មួយចំនួន ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍សិក្សានេះ។ សមាគមទាំងពីរ យល់ឃើញថា ព្រំដែននៃការសិក្សានេះ មិនបានឆ្លុះបញ្ជាំងរូបភាពទាំងស្រុងនៃវិស័យនេះឡើយ។ នេះអាចបណ្តាលមកពីការកំណត់និយមន័យខុសគ្នានូវពាក្យ បំណុលច្រើនលើសលប់ ឬទៅលើទិដ្ឋភាពខុសគ្នានៃបរិបទវិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង