
ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៦ពាន់លានដុល្លារអាម៉េរិកដែលមានការកើនឡើងជាង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។អាម៉េរិកជាប្រទេសដែលនៅតែជាទីផ្សារធំរបស់កម្ពុជាក្នុង«នាំចេញ»នៅ៨ខែចុងក្រោយនេះ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ កើនឡើង២៨.៦៣ភាគរយ ខណៈការនាំចូលពីទីផ្សារអន្តរជាតិមកវិញ មានចំនួនជាង ២១ពាន់លានដុល្លារ កើនឡើង១៨.២៦ភាគរយ ។
អាម៉េរិក ជាប្រទេសឈនៅលំដាប់លេខ១ជាទីផ្សារធំជាងគេរបស់កម្ពុជា ក្នុងរយៈពេលប្រាំបីខែដំបូង ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកឈានដល់ ៦ពាន់ ៤រយលានដុល្លារអាមេរិកកើនឡើង ៣៧ភាគរយ ស្មើនឹង ៤១ភាគរយ នៃការនាំចេញសរុប។ កម្ពុជាបាននាំចូលពីអាម៉េរិកចំនួន ២២៤ លានដុល្លារធ្លាក់ចុះ១០ ភាគរយធៀបនឹង ឆ្នាំមុន។
ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅរយៈពេល៨ខែឆ្នាំ២០២២នេះ សម្រេចបាន ៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៦ភាគរយ ។ក៏ប៉ុន្តែដោយ រងផលប៉ះពាល់ដោយគោលនយោបាយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដរបស់ប្រទេសចិន ការនាំចេញរបស់កម្ពុជាទៅកាន់ចិនបានធ្លាក់ចុះ នៅត្រឹមតែ៨០០លានដុល្លារ។រីឯកម្ពុជាវិញបាននាំចូលពីចិន៧ពាន់១រយលានដុល្លារអាមេរិកកើនឡើង២១ភាគរយ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា សកម្មភាពវិនិយោគនៅកម្ពុជា៨ខែចុងក្រោយនេះ មានរស់វើកល្អប្រសើរ ក្រោយកម្ពុជាគ្រប់គ្រងឈ្នះកូវីដ ជាឱកាសឱ្យវិនិយោគិននានាសម្លឹងឃើញកម្ពុជាកាន់តែមានសក្តានុពល ខណៈដែលអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និង កិច្ចព្រងព្រៀងអាសិប កំពុងអនុវត្ត។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបរទេសចុះបញ្ជីវិនិយោគនៅកម្ពុជា ឈរលំដាប់លេខ១ គឺចិន បន្ទាប់មកមានក្រុមហ៊ុនកូរ៉េ ជប៉ុន និង បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគលើវិស័យជាច្រើននៅកម្ពុជាដូចជា វិស័យកាត់ដេរ រោងចក្រផលិតកង់រថយន្ត រោងចក្រតម្លើងរថយន្ត កសិ-ឧស្សាហកម្ម និង ផ្សេងៗទៀត៕