Cctimesw1140xh150cm copy

លោក ឡោ សុភ័ក្ខ ជាប់ជានិស្សិតឆ្នើមទទួលមេដាយមាសផ្នែក«វិស្វកម្ម»ពីព្រះរាជវាំងថៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ លោក ឡោ សុភ័ក្ខ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ (Chaiyaphum Rajabhat University) ប្រទេសថៃ។ នៅទីនោះលោក បាននិងកំពុងសិក្សាជំនាញវិស្វកម្មផលិតកម្មឧស្សាហកម្ម។ លោក ឡោ សុភ័ក្ខ ក៏ជាសិស្សពូកែមួយរូប ដែលត្រូវបានសភាវិស្វកម្មនៃព្រះរាជាណាចក្រថៃជ្រើសរើសជានិស្សិតឆ្នើមដោយទទួលបាននូវមេដាយមាសពីស្ថាប័នវិស្វកម្មប្រចាំព្រះបរមរាជវាំងរបស់ប្រទេសថៃ ផងដែរ។

លោក ឡោ សុភ័ក្ខ បានប្រាប់ស៊ីស៊ីថាមស៍ ថា លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យក្រែក នៅក្នុងឆ្នាំ២០១៨។ នៅពេលនោះ លោកបានទទួលអាហារូបករណ៍ពីក្រសួងអប់រំ សិក្សាជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្នុងពេលជាមួយគ្នានោះ លោកក៏បានប្រឡងជាប់ចូលរៀនថ្នាក់ឧត្តមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយទទួលបានអាហារូបករណ៍ពីក្រុមហ៊ុន Chip Mong Insee។

លោក ឡោ សុភ័ក្ខ បានបន្ដថា ចុងឆ្នាំ២០១៨ លោកបានដាក់ពាក្យប្រឡងអាហារូបករណ៍ មកបន្ដការសិក្សានៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ម្ចាស់ក្សត្រី សុរិន្ទថន។ ប៉ុន្ដែការប្រឡងមានច្រើនដំណាក់កាល រហូតមកដល់ដើមឆ្នាំ២០១៩ លោកបានជាប់ជាបេក្ខភាពអាហារូបករណ៍ ក្នុងចំណោមបេក្ខភាពផ្សេងៗឯទៀតដែលនឹងត្រូវមកបន្តការសិក្សានៅក្នុងប្រទេសថៃ។ ក្នុងខែ មីនា ឆ្នាំ២០១៩ លោកបានមកបន្ដការសិក្សានៅប្រទេសថៃ ជំនាញវិស្វកម្មផលិតកម្មឧស្សាហកម្ម នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ។

លោក ឡោ សុភ័ក្ខ បានឱ្យដឹងថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការដែលខ្ញុំបានជាប់ជាបេក្ខភាពអាហារូបករណ៍មកសិក្សានៅក្នុងប្រទេសថៃមិនមែនជារឿងចៃដន្យសម្រាប់ខ្ញុំនោះទេ។ ខ្ញុំបានត្រៀមខ្លួនតាំងតែពីខ្ញុំចាប់ផ្តើមមករៀននៅវិទ្យាល័យតាំងពីពេលដំបូងៗ ដែលខ្ញុំបានផ្តោត និងខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រលើមុខវិជ្ជាសំខាន់ៗមួយចំនួនដែលត្រូវបានប្រើប្រាស់ដើម្បីប្រឡងប្រជែងយកអាហារូករណ៍ផងដែរដូចជា មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជាដើម ដែលជាមុខវិទ្យាសំខាន់ៗត្រូវប្រើប្រាស់ជាចាំបាច់នៅក្នុងការប្រឡងប្រកួតប្រជែង»។

លោក ឡោ សុភ័ក្ខ បាននិយាយទៀតថា «ខ្ញុំក៏បានស្រាវជ្រាវទៅលើវិញ្ញាសារចាស់ៗដែលក្រសួងធ្លាប់បានដាក់ប្រឡងជារៀងរាល់ឆ្នាំ ហើយខ្ញុំក៏បានស្រាវជ្រាវតាមរយៈការទិញសៀវភៅផ្សេងៗមួយចំនួនទៀតដើម្បីយកមករៀនធ្វើ និងដោះស្រាយចំណោទដែលបានចោទសួរនៅក្នុងវិញ្ញាសារទាំងអស់នោះផងដែរ។ ការធ្វើបែបនេះ វាប្រៀបដូចជាខ្ញុំបានយល់ដឹងច្រើនអំពីកម្រិតវិញ្ញាសារដែលនឹងត្រូវចេញនៅពេលប្រឡង និងយល់អំពីចំណុចខ្វះខាតមួយចំនួនរបស់ផងដែរដែលត្រូវតែបំពេញបន្ថែមដើម្បីឲ្យការប្រឡងទទួលបានលទ្ធផលល្អ»។

លោក ឡោ សុភ័ក្ខ បានបន្ថែមថា មានកត្តាសំខាន់២ ដែលធ្វើឱ្យលោកសម្រេចចិត្តសិក្សាជំនាញវិស្វកម្មផលិតកម្មឧស្សាហកម្ម ដោយសារតែលោកចូលចិត្តរៀនខាងផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ដែលសុទ្ធសឹងតែជាមុខវិជ្ជាខាងផ្នែកវិទ្យាសាស្រ្តពិត ដូច្នេះហើយទើបលោកគិតថាគួរតែចាប់រៀនជំនាញដែលរៀនទាក់ទងខាងផ្នែកវិទ្យាសាស្ត្រពិត។ ដំណើរកាវិវឌ្ឍន៍របស់សង្គម ដើរដល់ឧស្សាហកម្ម៤.០ ទើបជំរុញឱ្យលោកសិក្សាស្វែងយល់ខាងផ្នែកវិស័យឧស្សាហកម្មនេះឲ្យកាន់តែស៊ីជម្រៅ។

លោក ឡោ សុភ័ក្ខ បានបន្ថែមថា លោកធ្លាប់ត្រូវបានខាងសាកលវិទ្យាល័យជ្រើសរើសជាតំណាងក្នុងការចូលរួមប្រកួតប្រជែងកែប្រែបញ្ហាកង្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងប្រទេសថៃ ដែលទាមទារឲ្យចុះសិក្សាដោយផ្ទាល់នៅក្នុងមូលដ្ឋានជាក់ស្តែង ដែលពេលនោះហើយដែលក្រៅពីជំនាញនៅក្នុងសាលា លោកក៏ទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋថៃទាំងនៅជនបទ និងនៅទីក្រុង បញ្ហាដែលសង្គមកំពុងតែជួបប្រទះ និងការដោះស្រាយបញ្ហាទាំងនោះ។

លោក ឡោ សុភ័ក្ខ បានបន្ថែមទៀតថា លោកក៏បានយល់ដឹងបន្ថែមពីកត្តាដែលអាចទាញចំណូលពីបរទេសចូលមកកាន់ប្រទេសថៃ និងអាចបង្កើតការងារជូនប្រជាជនថៃធ្វើជាដើមដែលមានវិស័យសំខាន់ៗដូចជា វិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចតាមរយៈការនាំចូល នាំចេញ និងទុនវិនិយោគ ជាដើម។

លោក ឡោ សុភ័ក្ខ បានឱ្យដឹងថា លោកជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តរៀនសូត្រឲ្យបានជាប្រចាំ ដោយមិនគិតថាជាថ្ងៃឈប់សម្រាកអ្វីនោះទេ ឲ្យតែមិនជាប់រវល់នឹងការងារអ្វីចាំបាច់ផ្សេងៗ រឺមិនត្រូវធ្វើដំណើរទៅណាទេនោះ លោកតែងតែមើលកិច្ចការ និងមេរៀនដែលបានរៀនជាប្រចាំ និងជារៀងរាល់ថ្ងៃបូករួមទាំងចំណេះដឹងផ្សេងៗដទៃទៀតក្រៅពីការរៀនតែក្នុងសាលាផងដែរ។

លោក ឡោ សុភ័ក្ខ បានឱ្យដឹងទៀតថា មិនតែប៉ុណ្ណោះការរៀបចំកាលវិភាគដើម្បីរៀនគឺពិតជាចំណុចសំខាន់មួយផងដែរ ដែលវាអាចចាត់ចែង និងប្រើប្រាស់ពេលវេលាបានយ៉ាងត្រឹមត្រូវក្នុងការរៀនសូត្រ រឺរំលឹកនូវអ្វីដែលបានរៀនកន្លងមក។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះគឺការចែកចំណុចគន្លឹះក្នុងការរៀនពីសិស្សច្បងជំនាន់មុនៗ ធ្វើឲ្យបានឆាប់ចេះ ឆាប់យល់ ហើយគួរមើលសៀវភៅអ្វីបន្ថែមខ្លះដើម្បីឲ្យការប្រឡងឲ្យទទួលបានលទ្ធផលល្អ ដើម្បីឆ្ពោះទៅកាន់ដំណែងជ័យលាភីមេដាយមាសមួយនេះ។ កត្តាគួបផ្សំជាច្រើនទាំងអស់នេះហើយ ដែលអាចជួយឲ្យលោកទទួលបានជោគជ័យបែបនេះ។

លោក ឡោ សុភ័ក្ខ បាននិយាយថា ប្អូនៗជំនាន់ក្រោយ មានបំណងបន្តការសិក្សានៅបរតេសគប្បីគួរត្រៀមខ្លួនឲ្យបានរួចរាល់ទុកជាមុន តាំងពីនៅពេលដែលប្អូនៗរៀនថ្នាក់វិទ្យាល័យ តាមរយៈការស្រាវជ្រាវទៅលើឯកសារដែលជាវិញ្ញាសារធ្លាប់ប្រឡងចេញកាលពីពេលកន្លងមក រឺអាចរកទិញសៀវភៅគំរូដែលជាប្រភេទសៀវភៅត្រៀមសម្រាប់ប្រឡងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហើយរៀនអនុវត្តន៍ធ្វើលំហាត់ដែលមានក្នុងវិញ្ញាសារទាំងអស់នោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីស្ទៀបស្ទង់អំពីកម្រិតវិញ្ញាសារទាំងអស់នោះ និងដឹងអំពីចំណុចខ្វះខាតរបស់ខ្លួនផងដែរ។ បន្ថែមពីលើនេះទៀតដាច់ខាតត្រូវទាក់ទងទៅកាន់សិស្សច្បង រឺអ្នកដែលធ្លាប់មានបទពិសោធន៍ប្រឡង រឺទៅរៀនជំនាញដូចដែលប្អូនៗចង់ទៅរៀន ពឹងពាក់ឲ្យគាត់ជួយចែករំលែកពីយុទ្ធសាស្ត្រ និងរបៀប រឺចំណុចគន្លឹះតូចៗបន្ថែមមួយចំនួនទៀតក្នុងការប្រឡងដើម្បីឈានជើងឆ្ពោះទៅកាន់តំណែងម្ចាស់ជ័យលាភីនិស្សិតអាហារូបករណ៍។

គួរបញ្ជាក់ថា លោក ឡោ សុភ័ក្ខ ត្រូវបានសភាវិស្វកម្មនៃព្រះរាជាណាចក្រថៃជ្រើសរើសជានិស្សិតឆ្នើមដោយទទួលបាននូវមេដាយមាសពីស្ថាប័នវិស្វកម្មប្រចាំព្រះបរមរាជវាំងរបស់ប្រទេសថៃ។ មេដាយមាសនេះ គឺត្រូវបានប្រគល់ជូននិស្សិតឆ្នើម ដែលមានព្រឹទ្ធបត្រពិន្ទុខ្ពស់បំផុត ប្រចាំមហាវិទ្យាវិស្វកម្មប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង