
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានអាស៊ាន ផលិតផលក្នុងស្រុកសរុបនៃតំបន់អាស៊ានត្រូវបានរំពឹងទុកថានឹងមានកំណើនប្រមាណពី ៣.០% ក្មុងឆ្នាំ២០២១ ទៅដល់ ៥.០% ក្នុងឆ្នាំ២០២២ និង ៥.២%ក្នុងឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឱ្យដឹងថា អាស៊ាននៅតែបន្តធានាបាននូវលំហូរដោយសេរីនូវការធ្វើពាណិជ្ជកម្មទំនិញនិងសេវាកម្មដែលចាំបាច់ទាក់ទងនឹងសន្តិសុខស្បៀង និរន្តរភាព និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់ ដែលក្នុងនោះ ផលិតផលក្នុងស្រុកសរុបនៃតំបន់អាស៊ានត្រូវបានរំពឹងទុកថានឹងមានកំណើនប្រមាណពី ៣.០% ក្មុងឆ្នាំ២០២១ ទៅដល់ ៥.០% ក្នុងឆ្នាំ២០២២ និង ៥.២%ក្នុងឆ្នាំ២០២៣។
ឯកឧត្តមក៏បានបញ្ជាក់ថា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏នឹងពិភាក្សាលើសមិទ្ធផល (Deliverables) សំខាន់ៗក្រោមក្របខ័ណ្ឌកិច្ចសហប្រតិ បត្តិការរវាងអាស៊ាននិងដៃគូអាស៊ានផងដែរ រួមមាន៖ ចិន កូរ៉េ ជប៉ុន អូស្រា្តលី-នូវែលសេទ្បង់ ឥណ្ឌា ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន រុស្ស៊ី កាណាដា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាស៊ានបូកបី និងអាស៊ាន-អាស៊ីបូព៌ា ហើយបន្ទាប់នេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននឹងដាក់សមិទ្ធផលទាំងនោះជូនថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើការកត់សម្គាល់ ឬអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា៕

