
សៀមរាប៖ ប្រធានប្ដូរវេនអាស៊ាន នៅថ្ងៃទី ១៤ កញ្ញានេះ បានថ្លែងជំរុញដល់បណ្ដាប្រទេសក្នុងតំបន់ គិតគូរបន្ថែម និង រួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលទាំងអស់គ្នា ជាពិសេស ជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព ខណៈពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ ជំងឺឆ្លងរាតត្បាត និង បញ្ហាផ្សេងៗមួយចំនួនទៀត។ការថ្លែងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង កិច្ចប្រជុំពាក់ព័ន្ធ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជាប្រធានអាស៊ានប្ដូរវេន បានថ្លែងថា កម្ពុជាបានកំណត់គោលដៅជាយុទ្ធសាស្ត្រចំនួន៤ នៅក្រោមសរសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ជំរុញសមាហរណកម្ម, បរិយាបន្ន ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន។
បើតាមសម្តេច ហ៊ុន សែន ពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការភិវឌ្ឍដែលទាមទារឱ្យអាស៊ានត្រូវផ្តល់សារសំខាន់កាន់តែខ្លាំងថែមទៀតដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងវិនិយោគ, ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំ និងចង្វាក់ផ្គត់ផ្គង់ដល់តំបន់ និងសកល, ការតភ្ជាប់ និងភស្តុភារកម្ម, កសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។
សម្តេចបានជំរុញដល់បណ្ដាប្រទេសក្នុងតំបន់ គិតគូរបន្ថែម និងរួមគ្នាជាធ្លុងមួយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលទៅនឹងនិន្នាការថ្មីៗ និងដោះស្រាយបញ្ហាប្រឈមជាសកលទាំងអស់គ្នា ជាពិសេសជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព ខណៈពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ ជំងឺឆ្លងរាតត្បាត និងបញ្ហាផ្សេងៗមួយចំនួនទៀត។
សម្រាប់សម្តេច ហ៊ុន សែន អាស៊ានគួរបន្តការភ្ជាប់ការទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាសេដ្ឋកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូកមួយ ដែលមានស្រាប់ ដោយមានការដំឡើងកម្រតិបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ទាក់ទិនការកេងយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងអាស៊ាន៕