Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ធនាគារវិនិយោគសហភាពអឺរ៉ុបនឹងចូលរួមធ្វើការអភិវឌ្ឍវិស័យកសិកម្មនិងវារីវប្បកម្មកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ធនាគារវិនិយោគសហភាពអឺរ៉ុប(EIB) និង ធនាគារ EIB ប្រចាំតំបន់អាស៊ី រួមទាំងសហភាពអឺរ៉ុបប្រចាំកម្ពុជានឹងរួមសហការគ្នាតាមគ្រប់រូបភាពក្នុងឆន្ទ:រួមគឺធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្មកម្ពុជា។ នេះជាការបញ្ជាក់របស់លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានលើកឡើងថា កម្ពុជាកំពុងធ្វើការអភិវឌ្ឍបន្ថែម ដើម្បីឆ្លើយតបទៅតាមនិន្នាការទីផ្សារអន្តរជាតិដែលចេះតែមានការកើនឡើងជាលំដាប់ទាក់ទងទៅនឹងគុណភាព សុវត្ថិភាព និងភូតគាមអនាម័យ។ល។ ហេតុផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការកែច្នៃ និងខ្សែច្រវាក់តម្លៃបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ដែលកម្មវត្ថុទាំងអស់នេះត្រូវការជំនួយឧបត្ថម្ភ ការគាំទ្រ និងកិច្ចសហការពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងនោះក៏មានសហភាពអឺរ៉ុបផងដែរ។ ឯកឧត្តមសង្ឃឹមថាធនាគារ EIB នឹងក្លាយជាដៃគូរដ៏ល្អមួយទៀតរបស់កម្ពុជានាពេលអនាគត។

លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប នៅក្នុងឱកាសនេះបានមានប្រសាសន៍ដែរថា ដំណើរបេសកកម្មរបស់លោកមកកម្ពុជានាពេលនេះ មានបំណងចង់សិក្សាស្វែងយល់បន្ថែមថាតើ ធនាគារ EIB អាចចូលរួមសហការជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លីបានក្នុងកម្រិតណា។

លោក Kris Peeters បន្ថែមថា តួនាទីបីសំខាន់របស់ ធនាគារ EIB រួមមាន÷ ទី១- ផ្តល់ប្រាក់កម្ចី ទី២- ការគាំទ្រលើការអនុវត្តគម្រោងរបស់សហភាពអឺរ៉ុប និងគម្រោងធនាគារ EIB និងទី៣- ផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេស។ ដើម្បីឲ្យការវិនិយោគរបស់ធនាគារ EIB ទទួលបានជោគជ័យ និងជាពិសេសជួយដល់ពិភពលោក គម្រោងវិនិយោគទាំងអស់គឺផ្តោតសំខាន់លើគម្រោងបៃតង និងការប្រែប្រួលអាកាសធាតុជាចំបង។ ដោយឡែក ចំពោះជំនួបនាពេលនេះ គឺរួមគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសធ្វើការសិក្សាស្វែងយល់បន្ថែមពីតម្រូវការចាំបាត់របស់ភាគីកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលបច្ចុប្បន្ន និងអនាគត។ លោកបានបញ្ជាក់ថា ធនាគារ EIB និង ធនាគារ EIB ប្រចាំតំបន់អាស៊ី រួមទាំងសហភាពអឺរ៉ុបប្រចាំកម្ពុជានឹងរួមសហការគ្នាតាមគ្រប់រូបភាពក្នុងឆន្ទ:រួម គឺធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន បានគាំទ្រចំពោះទស្សនរបស់លោក Kris Peeters ហើយដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ២០២២-២០៣០ ឯកឧត្តមបានបញ្ជាក់ថា រាល់គម្រោងគាំទ្រដែលបាននិងកំពុងអនុវត្ត ជាពិសេសគម្រោងដែលនឹងរៀបចំនាពេលអនាគតត្រូវកំណត់យក និងជំរុញការធ្វើទំនើបកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ការកែច្នៃ វេចខ្ចប់ ប្រកបដោយគុណភាព និងស្តង់ដារដើម្បីផ្គត់ផ្គងទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។

ទន្ទឹមនឹងនោះ ត្រូវជំរុញការកសាងធនធានមនុស្សតាមរយ:ការធ្វើកម្មសិក្សារបស់និស្សិត និងមន្រ្តីជំនាញ ដូចដែលកម្ពុជាបាននិងកំពុងធ្វើជាមួយប្រទេសអ៊ីស្រាអែល និងប្រទេសដទៃទៀត។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា ធនាគារ EIB នឹងចូលរួមផ្តល់កិច្ចសហការជាមួយក្រសួងដើម្បីឈានទៅសម្រេចគោលដៅនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង